ប៉ូលិសហូឡង់បានប្រកាសចាប់ខ្លួនជនសង្ស័យច្រើននាក់ ដែលជាប់សង្ស័យជាផ្នែកមួយនៅក្នុងផែនការវិនិយោគឆបោកអន្តរជាតិដោយមានជនរងគ្រោះរាប់សិបពាន់នាក់។ក្រុមនេះត្រូវបានជឿថា មានប្រតិបត្តិការមជ្ឈមណ្ឌលហៅទូរស័ព្ទ (Call Centers) ចំនួន២០ទីតាំង និងមានអ្នកសមាជិកមិនតិចជាង ៧០០នាក់ទេ ដែលបន្លំខ្លួនជាទីប្រឹក្សាហិរញ្ញវត្ថុ។ អាជ្ញាធរបានវាយតម្លៃថា ក្រុមឧក្រិដ្ឋកម្មនៅទីតាំងមួយអាចរកប្រាក់បានប្រហែល ១០០លានអឺរ៉ូ (១១៤លានដុល្លារ) ក្នុងរយៈពេល១ខែ។ មជ្ឈមណ្ឌលហៅទូរស័ព្ទមានទីតាំងនៅកន្លែងផ្សេងៗគ្នានៅទូទាំងពិភពលោក ហើយបានទទួលក្រុមជាច្រើនមានតួនាទី និងមានគោលដៅខុសៗគ្នា។
ជនសង្ស័យសំខាន់មានអាយុ ៤៦ឆ្នាំ ជាជនជាតិអ៊ីស្រាអែលនិងប៉ូឡូញ ត្រូវបានចាប់ខ្លួននៅប្រទេសប៉ូឡូញកាលពីចុងខែឧសភា។ ជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់ប្រទេសហូឡង់ និងឃុំឃាំងរង់ចាំការកាត់ក្តី។ ប៉ូលិសហូឡង់បានថ្លែងថា ព័ត៌មានសាធារណៈនៅលើអ៊ីនធឺណិតបង្ហាញថា គាត់ធ្លាប់ត្រូវបានចោទប្រកាន់ពីបទលួចចូលប្រព័ន្ធកុំព្យូទ័រ (Hacking) ស្ថាប័នរដ្ឋាភិបាលបរទេសល្បីៗមួយចំនួន ហើយត្រូវបានគេចាត់ទុកថា ជាអ្នកលួចចូលប្រព័ន្ធកុំព្យូទ័រដ៏ល្បីម្នាក់។
បច្ចុប្បន្នគាត់ត្រូវបានសង្ស័យថា ដើរតួនាទីយ៉ាងសំខាន់នៅក្នុងស្ថាប័នឧក្រិដ្ឋកម្មមួយ ដែលពាក់ព័ន្ធនឹងការវិនិយោគឆបោក។ នៅចន្លោះថ្ងៃទី០៧ និងថ្ងៃទី១០ ខែកក្កដា ជនជាតិហូឡង់ និងបែលហ្សិកជាច្រើនត្រូវបានចាប់ខ្លួននៅប្រទេសស៊ីប ក្រិក និងបែលហ្សិក ដោយសារសង្ស័យថាមានទាក់ទងនឹងផែនការឆបោកនេះ។ អាជ្ញាធរបានថ្លែងថា ការចាប់ខ្លួនទាក់ទងនឹងស្ថាប័នឧក្រិដ្ឋកម្មសាយប័រនេះមិនអាចគេចផុតឡើយ។ វិធីសាស្រ្តនៃការឆបោកពាក់ព័ន្ធនឹងការបង្កើតទំនុកចិត្តជាមួយជនរងគ្រោះក្នុងរយៈពេលយូរ និងណែនាំជនរងគ្រោះឱ្យចូលទៅកាន់វេទិកាវិនិយោគដែលមើលទៅល្អ ជាមួយនឹងប្រាក់ចំណេញ។ ក្រោយមក ជនរងគ្រោះត្រូវបានលួងលោមឱ្យបម្រើការងារនៅមជ្ឈមណ្ឌលហៅទូរស័ព្ទ ដើម្បីបង្កើនការវិនិយោគរបស់ពួកគេ ដែលជាទូទៅផ្ទេរប្រាក់តាមរយៈប្រាក់គ្រីបតូ។ តែជាក់ស្តែង ស្ថាប័នឧក្រិដ្ឋកម្មបានរក្សាទុកប្រាក់ទាំងអស់ ហើយបានបង្ហាញនូវផ្ទាំងព័ត៌មានទិន្នន័យនៃប្រាក់ចំណេញក្លែងក្លាយដែលបានកើនឡើង ទៅជនរងគ្រោះ។ អាជ្ញាធរហូឡង់មានរបាយការណ៍ឆបោកចំនួន ៥៥០ និងបាត់ប្រាក់ ២៨,៦លានដុល្លារនៅក្នុងស្ថាប័នឆបោកនេះ។ ប៉ូលិសបានវាយតម្លៃថា មានជនរងគ្រោះរាប់សិបពាន់នាក់នៅទូទាំងសកលលោក ដែលជនរងគ្រោះភាគច្រើនបាត់បង់ប្រាក់នៅក្នុងការវិនិយោគនេះមិនតិចជាង ១០,០០០អឺរ៉ូ (១១៤០០ដុល្លារ)។ ស្ថាប័នឧក្រិដ្ឋកម្មមានប្រតិបត្តិការតាំងពីឆ្នាំ២០២១ ហើយសមាជិករបស់ពួកគេបានប្រើឈ្មោះក្លែងក្លាយ និងបច្ចេកទេស ដើម្បីលាក់អត្តសញ្ញាណ និងទីតាំងហៅទូរស័ព្ទពិតរបស់ពួកគេ។
ប៉ូលិសថ្លែងថា ជំនាញបច្ចេកទេសរបស់ជនសង្ស័យក្នុងការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបានជួយឱ្យស្ថាប័នឆបោកនេះអាចគេចផុតពីការបង្រ្កាបរបស់អាជ្ញាធរបានក្នុងរយៈពេលដ៏យូរ។ នៅទីតាំងខ្លះ អ្នកស៊ើបអង្កេតអាចតាមដានតាមរយៈអាសយដ្ឋាន IP ចរាចរណ៍ប្រាក់ និងតាមដានឌីជីថល ដែលនាំឱ្យមានការត្រួតពិនិត្យឧបករណ៍បច្ចេកទេសសំខាន់ៗ ដែលបានផ្តល់ព័ត៌មានលម្អិតអំពីប្រតិបត្តិការរបស់ស្ថាប័នឆបោក និងទីតាំងរបស់ជនដៃដល់។
ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦










