គណៈកម្មការសេវាហិរញ្ញវត្ថុកូរ៉េខាងត្បូង (FSC) បានបើកកិច្ចប្រជុំបន្ទាន់ បន្ទាប់ពីមានការវាយប្រហារតាមអ៊ីនធឺណិតជាបន្តបន្ទាប់លើស្ថាប័នហិរញ្ញវត្ថុក្នុងប្រទេស។អាជ្ញាធរបានបញ្ជាក់ថា Shinhan Bank មានការលេចធ្លាយទិន្នន័យ (Data Breach)។ ធនាគារផ្សេងទៀតក៏រងឧបទ្ទវហេតុសន្តិសុខតាមអ៊ីនធឺណិតផងដែររួមមាន KB Kookmin Bank។Shinhan Bank និង KB Kookmin Bank គឺជាធនាគារពាណិជ្ជឯកជនធំៗរបស់កូរ៉េខាងត្បូង ហើយធនាគារនីមួយៗមានទ្រព្យសកម្មជាង ៤០០ ពាន់លានដុល្លារ។
អាជ្ញាធរកូរ៉េខាងត្បូងបានចុះត្រួតពិនិត្យផ្ទាល់នៅទីតាំង (On-Site Investigations) បន្ទាប់ពីទទួលបានរបាយការណ៍អំពីឧបទ្ទវហេតុសន្តិសុខតាមអ៊ីនធឺណិត។ ពួកគេបានចែករំលែក ព័ត៌មានដែលអាចយកទៅអនុវត្តបានជាមួយស្ថាប័នពាក់ព័ន្ធរួមទាំង KISA ដែលជាទីភ្នាក់ងាររបស់កូរ៉េខាងត្បូងទទួលបន្ទុកការពារទិន្នន័យ។
បច្ចុប្បន្ន ក្រុមហ៊ុនហិរញ្ញវត្ថុក្នុងប្រទេសត្រូវបានណែនាំឱ្យអនុវត្តវិធានការសន្តិសុខបន្ថែម ដើម្បីទប់ស្កាត់ការវាយប្រហារតាមអ៊ីនធឺណិតរួមមាន៖
- ស្ថាប័នហិរញ្ញវត្ថុត្រូវត្រួតពិនិត្យប្រព័ន្ធ IT ទាំងអស់ដែលអាចចូលពីខាងក្រៅ រួមទាំងប្រព័ន្ធដែលមិនប្រើសម្រាប់អតិថិជនផ្ទាល់។
- ត្រូវកាត់បន្ថយការបង្ហាញព័ត៌មានដែលមិនចាំបាច់ និងពិនិត្យមើលថា ការផ្ទៀងផ្ទាត់អត្តសញ្ញាណ និងការគ្រប់គ្រងសិទ្ធិចូលប្រើមានចន្លោះខ្វះខាតឬអត់។
- ត្រូវចែករំលែកព័ត៌មានអំពីការគំរាមកំហែងឱ្យបានឆាប់ និងសហការគ្នាក្នុងការឆ្លើយតប។
- ត្រូវដាក់របាយការណ៍លទ្ធផលត្រួតពិនិត្យសន្តិសុខខាងក្នុងឱ្យបានឆាប់។
តាមរបាយការណ៍ដដែល Shinhan Bank បានលេចធ្លាយព័ត៌មានអតិថិជនប្រហែល 25,000 នាក់ ខណៈ Kookmin Bank បានលេចធ្លាយព័ត៌មានកាតឥណទានរបស់អតិថិជនប្រហែល 119,000 នាក់។
ការវាយប្រហារតាមអ៊ីនធឺណិតបានប៉ះពាល់ដល់ធនាគារធំៗជាច្រើននៅកូរ៉េខាងត្បូង ហើយអាជ្ញាធរកំពុងបង្កើនការត្រួតពិនិត្យសន្តិសុខ និងស៊ើបអង្កេតការលេចធ្លាយទិន្នន័យ ដើម្បីការពារអតិថិជន និងកែលម្អវិធានការគ្រប់គ្រង។
ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦










