ក្រុមហ៊ុន Apple បានចេញផ្សាយបច្ចុប្បន្នភាពសុវត្ថិភាពជាបន្ទាន់ ដើម្បីទប់ស្កាត់ចន្លោះប្រហោង Zero-Day ថ្មីមួយ (លេខសម្គាល់ CVE-2026-86950) ដែលត្រូវគេយកទៅប្រើប្រាស់ក្នុងការវាយប្រហារយ៉ាងស្មុគស្មាញ និងចំគោលដៅលើឧបករណ៍ iOS។ បញ្ហានេះបណ្តាលមកពីភាពខ្សោយប្រភេទ Out-of-Bounds Write នៅក្នុងក្របខណ្ឌ CoreGraphics (ប្រព័ន្ធដំណើរការក្រាហ្វិក 2D និងការបង្ហាញអក្សរ) ដែលត្រូវបានរកឃើញដោយក្រុមការងារ Meta Product Security។
ចន្លោះប្រហោងនេះកើតឡើងនៅពេលឧបករណ៍ដំណើរការឯកសារដែលមានបង្កប់កូដគ្រោះថ្នាក់ ដោយអនុញ្ញាតឱ្យអ្នកវាយប្រហារសរសេរទិន្នន័យរំលងព្រំដែនអង្គចងចាំ (Memory Buffer)។ ផលវិបាកនៃការកេងប្រវ័ញ្ចនេះអាចបណ្តាលឱ្យកម្មវិធីគាំង បំផ្លាញទិន្នន័យ ឬឈានទៅដល់ការបញ្ជាប្រតិបត្តិកូដពីចម្ងាយ (Remote Code Execution) ដោយគ្មានការអនុញ្ញាតលើឧបករណ៍ដែលដំណើរការកំណែមុន iOS 27។
ដើម្បីដោះស្រាយហានិភ័យនេះ Apple បានកែលម្អប្រព័ន្ធត្រួតពិនិត្យព្រំដែន (Bounds Checking) នៅក្នុងកំណែអាប់ដេត iOS/iPadOS 26.7.1, macOS Tahoe 26.7.1 និង macOS Sequoia 15.8.1 ដែលគ្របដណ្តប់លើ iPhone 11 ឡើងទៅ, iPad និង Mac ជាច្រើនម៉ូដែល។ នេះជាចន្លោះប្រហោង Zero-Day ទីពីរហើយដែល Apple បានជួសជុលក្នុងឆ្នាំនេះ បន្ទាប់ពីការដោះស្រាយចន្លោះប្រហោង dyld (CVE-2026-20700) កាលពីខែកុម្ភៈ។
ទោះបីជាការវាយប្រហារនេះផ្តោតលើតែបុគ្គលជាក់លាក់ក៏ដោយ អ្នកប្រើប្រាស់ឧបករណ៍ Apple ដែលស្ថិតក្នុងបញ្ជីរងផលប៉ះពាល់ ត្រូវបានណែនាំឱ្យប្រញាប់ធ្វើបច្ចុប្បន្នភាព (Update) ប្រព័ន្ធប្រតិបត្តិការទៅកាន់កំណែចុងក្រោយបង្អស់ជាបន្ទាន់ ដើម្បីកាត់បន្ថយហានិភ័យ និងការពារឧបករណ៍ពីការវាយប្រហារតាមអ៊ីនធឺណិត។
ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦










