Thursday, October 29, 2026

ក្រុមហ៊ុន Railway ព្រមានអ្នកអភិវឌ្ឍឱ្យប្តូរព័ត៌មានសម្ងាត់ជាបន្ទាន់ បន្ទាប់ពីសង្ស័យពីការបំពាន

0

ក្រុមហ៊ុនផ្តល់សេវាបង្ហោះកម្មវិធីលើ Cloud ឈ្មោះ Railway បានចេញការព្រមានបន្ទាន់ដល់អ្នកប្រើប្រាស់ បន្ទាប់ពីរកឃើញសកម្មភាពគួរឱ្យសង្ស័យលើប្រព័ន្ធដែលរក្សាទុក Environment Variables របស់អតិថិជន។ការស៊ើបអង្កេតបង្ហាញថា ភាគីទីបីដែលគ្មានការអនុញ្ញាត អាចទទួលបាន Environment Variables ដែលបានឌិគ្រីប (Decrypted) មួយចំនួន។

ក្រុមហ៊ុនបានណែនាំឱ្យអ្នកប្រើប្រាស់ទាំងអស់ប្តូរព័ត៌មានសម្ងាត់ និងព័ត៌មានសម្រាប់ចូលប្រើប្រាស់ Secrets និង Credentials ជាមុន ដើម្បីការពារសុវត្ថិភាពគណនី ព្រមទាំងប្រព័ន្ធរបស់ពួកគេ។ Environment Variables អាចផ្ទុកព័ត៌មានសម្ងាត់ដូចជា API Keys និងព័ត៌មានសម្រាប់ចូលប្រើប្រាស់មូលដ្ឋានទិន្នន័យ (Database) និង Registry។

គួររំលឹកដែរថា Railway គឺជាវេទិកា Cloud សម្រាប់អ្នកអភិវឌ្ឍន៍ ដើម្បីដាក់ឱ្យដំណើរការកម្មវិធី APIs មូលដ្ឋានទិន្នន័យ និងសេវាកម្ម Backend ផ្សេងៗ។ ក្រុមហ៊ុនមានអ្នកប្រើប្រាស់ប្រហែល ៤.៨ លាននាក់ និងបង្ហោះសេវាកម្មជាង ១៦ លាន។

Railway បញ្ជាក់ថា ហេតុការណ៍នេះជាផ្នែកមួយនៃការវាយប្រហារជាបន្តបន្ទាប់លើអ្នកផ្តល់សេវា AI Inference។ ក្រុមហ៊ុនទាំងនោះត្រូវបានជូនដំណឹង និងណែនាំឱ្យដកហូត ឬប្តូរ API Keys ទាំងអស់ជាវិធានការប្រុងប្រយ័ត្ន។

Railway បានផ្អាកការដាក់ឱ្យដំណើរការកម្មវិធី (Deployments) រហូតដល់ការស៊ើបអង្កេតបញ្ចប់។ គិតត្រឹមថ្ងៃទី ២២ ខែតុលា ម៉ោង ០៨:៤៤ UTC ការបង្កើតកម្មវិធី (Builds) ត្រូវបានស្តារឡើងវិញសម្រាប់គណនី Pro និង Enterprise ប៉ុន្តែ Deployments នៅតែមានការយឺតយ៉ាវ ថែមទាំងមានការងាររង់ចាំជាច្រើន។ សម្រាប់គណនី Hobby, Free និង Trial ការបង្កើតកម្មវិធីមិនទាន់ដំណើរការឡើងវិញទេ ដោយគ្រោងស្តារតាមលំដាប់។ Railway នឹងទាក់ទងអ្នកប្រើប្រាស់ដោយផ្ទាល់ ប្រសិនបើបញ្ជាក់ថាគណនីរបស់ពួកគេត្រូវបានលួចចូល និងផ្តល់ព័ត៌មានលម្អិតបន្ថែម។

https://www.bleepingcomputer.com/news/security/railway-warns-devs-to-rotate-secrets-after-potential-breach/

ប្រភព BleepingComputer ចេញផ្សាយថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here