បុរសជនជាតិចិនអាយុ ៤៤ ឆ្នាំ ឈ្មោះ Zhen Zhao ត្រូវបាននាំខ្លួនមកកាន់តុលាការនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បន្ទាប់ពីត្រូវបានធ្វើបត្យាប័នពីប្រទេសហូឡង់ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទឆបោកវិនិយោគរូបិយប័ណ្ណគ្រីបតូ ដែលបានលួចប្រាក់ជិត ៣៧ លានដុល្លារ ពីជនរងគ្រោះ ១៧៤ នាក់នៅសហរដ្ឋអាមេរិក។តាមការចោទប្រកាន់ លោក Zhen Zhao និងបក្ខពួកនៅសហរដ្ឋអាមេរិក និងកម្ពុជា បានបោកបញ្ឆោតជនរងគ្រោះឱ្យផ្ទេរប្រាក់ទៅគណនីដែលគ្រប់គ្រងដោយជនល្មើស ដោយអះអាងថានឹងយកប្រាក់ទៅវិនិយោគលើទ្រព្យសកម្មឌីជីថល។ ក្រុមឆបោកដែលត្រូវបានចោទប្រកាន់បានរៀបរាប់ថា លោក Zhen Zhao មានជាប់ពាក់ព័ន្ធ បានទាក់ទងជនរងគ្រោះនៅទូទាំងសហរដ្ឋអាមេរិក តាមរយៈសារទូរស័ព្ទ បណ្ដាញសង្គម ការហៅទូរស័ព្ទ និងសេវាណាត់ជួបតាមអនឡាញ ដើម្បីបង្កើតទំនុកចិត្ត និងបញ្ចុះបញ្ចូលឱ្យវិនិយោគលើទ្រព្យសកម្មឌីជីថលក្លែងក្លាយ។
ក្រុមនេះបានអះអាងថា តម្លៃប្រាក់វិនិយោគរបស់ជនរងគ្រោះកំពុងកើនឡើង ប៉ុន្តែតាមពិត ប្រាក់ទាំងនោះត្រូវបានលួច។ បក្ខពួកក៏បានបង្កើតគេហទំព័រក្លែងក្លាយ ដែលមានរូបរាងស្រដៀងនឹងវេទិកាជួញដូររូបិយប័ណ្ណគ្រីបតូពិតប្រាកដ ដើម្បីបញ្ចុះបញ្ចូលជនរងគ្រោះឱ្យផ្ទេរប្រាក់ទៅវិនិយោគតាមគេហទំព័រទាំងនោះ។
លោក Zhen Zhao និងបក្ខពួក ត្រូវបានចោទថា បានប្រើប្រាស់ធនាគារ Deltec Bank នៅប្រទេសបាហាម៉ាស ដើម្បីបំប្លែងប្រាក់របស់ជនរងគ្រោះទៅជាកាក់ Tether (USDT) រួចផ្ទេរទៅកាន់កាបូបឌីជីថលដែលគ្រប់គ្រងនៅកម្ពុជា។ បន្ទាប់មក បក្ខពួកនៅកម្ពុជាបានផ្ទេរ USDT ទៅឱ្យមេដឹកនាំមជ្ឈមណ្ឌលឆបោកនានាក្នុងតំបន់។
ជនរងគ្រោះបានផ្ទេរប្រាក់សរុបជាង ៣៦,៩ លានដុល្លារ ពីគណនីធនាគារនៅសហរដ្ឋអាមេរិក ទៅគណនី Deltec Bank ដែលបើកក្រោមឈ្មោះក្រុមហ៊ុន Axis Digital Limited។
លោក Zhen Zhao ត្រូវបានចោទប្រកាន់នៅខែសីហា ឆ្នាំ២០២៥ ពីបទសមគំនិតក្នុងការលាងលុយ។ ប្រសិនបើត្រូវបានរកឃើញថាមានទោស លោកអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំ។ បក្ខពួក ៨ នាក់ក្នុងបណ្ដាញឧក្រិដ្ឋកម្មអន្តរជាតិនេះ បានសារភាពកំហុសរួចហើយ។ ក្នុងនោះ ២ នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥១ខែ និង ៤៦ខែ។
តាមរបាយការណ៍ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតឆ្នាំ២០២៥ របស់ FBI ការឆបោកវិនិយោគបានបណ្ដាលឱ្យបាត់បង់ប្រាក់ជាង ៨,៦ ពាន់លានដុល្លារ តាមរយៈបណ្ដឹងចំនួន ៧២,៩៨៤ ករណី ដែលកើនឡើងពី ៦,៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២៤។
ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦










