Thursday, October 29, 2026

ភ្នាក់ងារ CISA បញ្ជាក់ពីភាពងាយរងគ្រោះ PHP2Shell បច្ចុប្បន្នត្រូវបានបំពាន

0

ទីភ្នាក់ងារសន្តិសុខសាយប័រ និងហេដ្ឋារចនាសម្ព័ន្ធសហរដ្ឋអាមេរិក (CISA) បានបន្ថែមចំណុចខ្សោយសុវត្ថិភាព PHP ចំនួន ២ ដែលមានកម្រិតធ្ងន់ធ្ងរ និងមានឈ្មោះរួមថា PHP2Shell ទៅក្នុងបញ្ជីចំណុចខ្សោយដែលកំពុងត្រូវបានជនល្មើសប្រើប្រាស់ក្នុងការវាយប្រហារជាក់ស្តែង។ចំណុចខ្សោយទាំងពីរមានលេខសម្គាល់ CVE-2026-109618 និង CVE-2026-109619។ ជនល្មើសដែលមិនមានសិទ្ធិ អាចប្រើវិធីវាយប្រហារដែលមានភាពស្មុគស្មាញខ្ពស់ ដើម្បីប្រតិបត្តិកូដពីចម្ងាយ (RCE) លើប្រព័ន្ធដែលមិនទាន់បានដំឡើង Patch សុវត្ថិភាព។

ក្រុមសន្តិសុខ PHP បានចេញ Patch សុវត្ថិភាពសម្រាប់ចំណុចខ្សោយទាំងពីរ នៅថ្ងៃពុធ ទី២១ ខែតុលា បន្ទាប់ពីបានព្រមានក្រុមសន្តិសុខឱ្យដំឡើងបច្ចុប្បន្នភាពភ្លាមៗនៅពេលមានចេញផ្សាយ។

ក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិតជាច្រើនរួមមាន Cloudflare, Amazon, Hadrian, watchTowr, Previdian និង Patchstack បានរកឃើញការប៉ុនប៉ងវាយប្រហារយ៉ាងទូលំទូលាយ មុនពេលព័ត៌មានត្រូវបានប្រកាសជាសាធារណៈ។

ទោះបីមានការប៉ុនប៉ងវាយប្រហារជាច្រើនក៏ដោយ ក្រុមហ៊ុនទាំងនោះបានចាត់ទុកការប៉ុនប៉ងទាំងអស់ដែលពួកគេបានរកឃើញថា មិនបានទទួលជោគជ័យទេ។

ក្រុមអ្នកស្រាវជ្រាវសន្តិសុខរបស់ Amazon Threat Intelligence ក៏បានបញ្ជាក់ថា ជនល្មើសបានចាប់ផ្តើមវាយប្រហារដោយប្រើចំណុចខ្សោយ PHP2Shell ចំនួន ៤ថ្ងៃមុនពេល Patch សុវត្ថិភាពត្រូវបានចេញផ្សាយ។

CISA បានព្រមានថា ចំណុចខ្សោយប្រភេទនេះតែងតែត្រូវបានជនល្មើសតាមអ៊ីនធឺណិតប្រើសម្រាប់ការវាយប្រហារ និងបង្កហានិភ័យខ្ពស់ដល់ប្រព័ន្ធរដ្ឋាភិបាល។

PHP ត្រូវបានប្រើនៅលើគេហទំព័រប្រហែល 70% នៃគេហទំព័រទាំងអស់។ តាមការប៉ាន់ស្មាន មានម៉ាស៊ីនមេ PHP ជាង 5.1 លាន ដែលអាចចូលប្រើប្រាស់បានតាមអ៊ីនធឺណិត និងប្រហែល 3.8 លាន ដែលមានច្រកបណ្តាញ (Ports) យ៉ាងហោចណាស់មួយបើកចំហចំពោះការវាយប្រហារ។

ចំណុចខ្សោយ PHP អាចអនុញ្ញាតឱ្យអ្នកវាយប្រហារប្រតិបត្តិកូដពីចម្ងាយលើប្រព័ន្ធដែលរងផលប៉ះពាល់។ អង្គការគួរតែអនុវត្តវិធានការការពារ និងជួសជុលចំណុចខ្សោយដែលមានហានិភ័យខ្ពស់ជាអាទិភាព។

https://www.bleepingcomputer.com/news/security/cisa-confirms-php2shell-vulnerabilities-now-exploited-in-attacks/

ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here