នៅក្នុងអំឡុងពេលនៃមេរោគរាតត្បាតកូវីដ ១៩ នេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនជាច្រើនចាប់ផ្តើមគិតពិចារណាក្នុងការកាត់បន្ថយទៅលើការចំណាយផ្នែកហិរញ្ញវត្ថុនៃអាជីវកម្មរបស់ពួកគេតាមវិធីសាស្ត្រជាច្រើនដូចជាការកាត់បន្ថយការចំណាយផ្សេងៗ ឬការលុបចោលនូវគម្រោងក្នុងការពង្រីកវិនិយោគនា។
នៅក្នុងក្រុមហ៊ុនព័ត៌មានវិទ្យាវិញ ក្រុមហ៊ុនមួយចំនួនក៏កាត់បន្ថយទៅលើថវិកាសម្រាប់សុវត្ថិភាពអ៊ីនធឺរណិត (Cybersecurity) ដែលនេះគឺជាហានិភ័យសម្រាប់ការវាយប្រហារពីហេគឃ័រ។ ក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Barracuda រកឃើញថា 41% នៃអាជីវកម្មជាច្រើននៅជុំវិញពិភពលោកបានកាត់បន្ថយទៅលើថវិកានៃការចំណាយក្នុងការពង្រឹងទៅលើសុវត្ថិភាពរបស់ពួកគេនៅក្នុងសម័យកាលកូវីដ ១៩ នេះ។
គួរបញ្ជាក់ថា ការកាត់បន្ថយទៅលើថវិកាសម្រាប់ផ្នែកសុវត្ថិភាពអ៊ីនធឺរណិតនេះអាចជាកត្តាដ៏គ្រោះថ្នាក់ និងជាឱកាសសម្រាប់ហេគឃ័រផងដែរ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រដែលនាយកប្រតិបត្តិប្រើប្រាស់ដើម្បីកាត់បន្ថយទៅលើការចំណាយ៖
- ការកាត់បន្ថយទៅលើវគ្គបណ្តុះបណ្តាលអំពីសុវត្ថិភាពអ៊ីនធឺរណិត (Cybersecurity Training)
- ការមិនចំណាយថវិកាដើម្បីទិញកម្មវិធីសូហ្វវ៊ែរការពារសុវត្ថិភាព (Security Software) ដែលរឹងមាំ
- ការមិនចំណាយថវិកាក្នុងការអាប់ដេតទៅលើកម្មវិធីសូហ្វវ៊ែរជំនាន់ចុងក្រោយបំផុត (Upgrading Software)
- ការចំណាយថវិកាតិចតួចសហការជាមួយនឹងក្រុមហ៊ុនផ្តល់សេវាកម្មទៅលើផ្នែកសុវត្ថិភាពអ៊ីនធឺរណិត
- ការធ្វេសប្រហែសក្នុងការប្រើប្រាស់នូវឧបករណ៍ផ្ទាល់ខ្លួន (BYOD Vulnerability)
សរុបមក ក្នុងនាមជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនមួយនោះគួរតែទទួលយកនូវបច្ចេកវិទ្យាថ្មីៗ និងការពង្រឹងទៅលើសុវត្ថិភាពនៃទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនជាប្រចាំ ការអភិវឌ្ឍធនធានមនុស្សពិសេសអ្នកជំនាញសុវត្ថិភាព និងការពារខ្លួនអោយបានខ្ពស់បំផុតពីការវាយប្រហារនៅលើអ៊ីនធឺរណិត៕