ប្រទេសលីបង់៖ មន្ត្រីជាន់ខ្ពស់ហេបូឡាបាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហេបូឡានឹងមិនទទួលយកបទឈប់បាញ់បណ្តោះអាសន្នជាមួយអ៊ីស្រាអែលនោះទេ ដោយបានបដិសេធសំណើដែលគាំទ្រដោយសហរដ្ឋអាមេរិក ទាមទារឲ្យក្រុមហេបូឡាត្រូវបញ្ឈប់ការវាយប្រហារទៅលើតំបន់ភាគខាងជើងប្រទេសអ៊ីស្រាអែលជាថ្នូរនឹងការដែលអ៊ីស្រាអែលមិនវាយប្រហារលើតំបន់ខាងត្បូងទីក្រុងបេរូត។
លោក ម៉ាហម៉ួដ កូម៉ាទី អនុប្រធានក្រុមប្រឹក្សានយោបាយរបស់ក្រុមហេបូឡាបាននិយាយថា “ការឈ្លានពានរបស់អ៊ីស្រាអែល” មកលើជាយក្រុងភាគខាងត្បូងទីក្រុងបេរូតអាចបង្កឱ្យមាន “ការឆ្លើយតបកាន់តែស៊ីជម្រៅ និងខ្លាំងក្លាជាងមុន” ពីក្រុមហេសបូឡា នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ដោយដកស្រង់ពីសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សររបស់លោក កូម៉ាទី ដែល AFP ទទួលបាន។
ចំណាប់អារម្មណ៍របស់លោក កូម៉ាទី ធ្វើឡើងនៅពេលដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បាននិយាយកាលពីថ្ងៃចន្ទ ទី០១ ខែឧសភា ថា លោកទទួលបានការប្តេជ្ញាចិត្តពី
ខាងអ៊ីស្រាអែល និងក្រុមហេបូឡា ដែលមានគោលបំណងបន្ធូបន្ថយភាពតានតឹងនៅក្នុងតំបន់ ហើយដូចដែលសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីលីបង់ដែលធ្វើឡើងកាលពីថ្ងៃច័ន្ទ ថា អាជ្ញាធរលីបង់បានបញ្ជាក់ថាក្រុមហេបូឡាបានយល់ព្រមតាមសំណើរបស់សហរដ្ឋអាមេរិកសម្រាប់ “ការបញ្ឈប់ការវាយប្រហារគ្នាទៅវិញទៅមក” ជាមួយអ៊ីស្រាអែល។
កិច្ចចរចាដោយផ្ទាល់រវាងអ៊ីស្រាអែល និងលីបង់ក្នុងជុំថ្មីនេះកំពុងប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ៊ីស្រាអែល និងក្រុមហេបូឡា បានបន្តធ្វើសកម្មភាពវាយប្រហារគ្នាទៅវិញទៅមកពេញមួយយប់ថ្ងៃចន្ទរហូតដល់ថ្ងៃអង្គារ។
យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិលីបង់បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស១២នាក់ត្រូវបានសម្លាប់ និង៤នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទូទាំងភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃអង្គារ ចំណែកឯក្រុមហេបូឡាវិញនិយាយថាពួកគេបានបើកការវាយប្រហារពេញមួយយប់ប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់។
មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់សុខភាពសាធារណៈរបស់ប្រទេសលីបង់បាននិយាយនៅថ្ងៃអង្គារថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់ត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃទី០២ ខែមីនា បណ្តាលឲ្យមនុស្សស្លាប់ប្រមាណ៣៤.៦៨នាក់ និងរបួស១០.៥៧៧នាក់៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦










