Saturday, November 7, 2026

មនុស្ស ៤១នាក់ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មនៅតួកគី

0

ក្រសួងមហាផ្ទៃបានប្រកាសកាលពីថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ថា កងកម្លាំងសន្តិសុខតួកគីបានចាប់ខ្លួនជនសង្ស័យ ៤១នាក់ដែលជាសមាជិកនៃអង្គការភេរវករហ្កូលេន (FETÖ)  ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មនៅទូទាំង ៣២ខេត្ត។ ជនសង្ស័យសរុប​ ៧២នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការដែលធ្វើឡើងដោយអង្គភាពកងរាជអាវុធហត្ថតាមបណ្ដាខេត្ត ក្រោមការសម្របសម្រួលរបស់នាយកដ្ឋានប្រឆាំងភេរវកម្មនៃអគ្គបញ្ជាការដ្ឋានកងរាជអាវុធហត្ថ និងការិយាល័យព្រះរាជអាជ្ញាសាធារណៈ។ បើតាមប្រភពក្រសួង ជនសង្ស័យទាំងនោះត្រូវបានចោទប្រកាន់ថា បានចូលរួមក្នុងសកម្មភាពរៀបចំ និងប្រតិបត្តិការជាបន្តបន្ទាប់របស់អង្គការភេរវកនេះ ដែលពួកគេបានបន្តរក្សាទំនាក់ទំនងជាមួយប្រតិបត្តិករជាន់ខ្ពស់ និងបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់អង្គការដែលមានទំនាក់ទំនងជាមួយអង្គការភេរវករ FETÖ ។

ជនសង្ស័យមួយចំនួនក៏ត្រូវបានចោទប្រកាន់ថា បានផ្សព្វផ្សាយ​ការ​ឃោសនា​បំផុសបំផុលភេរវកម្ម​តាម​បណ្ដាញ​សង្គមផងដែរ។ អង្គការនេះបានប្រឈមមុខនឹងការស៊ើបអង្កេតជាច្រើនបន្ថែមទៀត បន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១៥ ខែកក្កដា ដែលបានបណ្ដាលឲ្យមនុស្ស២៥១នាក់ស្លាប់ និងជិត ២២០០នាក់ផ្សេងទៀតរងរបួស។ បន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារនោះ មនុស្សរាប់ម៉ឺននាក់ត្រូវបានឃាត់ខ្លួន ចាប់ខ្លួន ឬបណ្តេញចេញពីការងារក្នុងវិស័យសាធារណៈ ក្រោមការអនុវត្តច្បាប់គ្រាអាសន្ន។ កងកម្លាំងសន្តិសុខបានរឹបអូសឯកសារជាច្រើនដែលពាក់ព័ន្ធនឹងសកម្មភាពរបស់អង្គការ និងសម្ភារៈឌីជីថលជាច្រើន ក្នុងអំឡុងពេលឆ្មក់ចូលឆែកឆេរ។ ប្រតិបត្តិការនេះធ្វើឡើងនៅទូទាំងទីក្រុងសំខាន់ៗ រួមមាន អ៊ីស្តង់ប៊ុល(Istanbul) អង់ការ៉ា(Ankara) អ៊ីហ្សីមៀរ(Izmir) ប៊ូសា(Bursa) អាដាណា(Adana) និងហ្គាហ្សីយ៉ានថេប(Gaziantep)។

ក្រសួងបានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំង ៧២នាក់ដែលត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការនេះ មាន ៤១នាក់ត្រូវបានចាប់ខ្លួនតាមដីកាតុលាការ ខណៈនីតិវិធីតាមផ្លូវច្បាប់​ចំពោះ​ជនសង្ស័យ​ដែល​នៅ​សេសសល់​កំពុង​បន្តដំណើរការ។ ក្រសួងបានបន្ថែមថា “យើងខ្ញុំសូមកោតសរសើរចំពោះវីរភាពរបស់កងកម្លាំងរាជអាវុធហត្ថ នាយកដ្ឋាន ការិយាល័យព្រះរាជអាជ្ញាសាធារណៈ និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងប្រតិបត្តិការនេះ”៕

ប្រភព dailysabah ចុះផ្សាយឡើងវិញថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here