Friday, June 5, 2026

ក្រុមសកម្មប្រយុទ្ធ ៤នាក់ស្លាប់ក្នុងប្រតិបត្តិការនៅប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ កម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ពួកសកម្មប្រយុទ្ធ ៤នាក់ក្នុងប្រតិបត្តិការចំនួន ២លើកដាច់ដោយឡែកពីគ្នាដែលផ្អែកលើការស៊ើបអង្កេតនៅខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នេះបើតាមការលើកឡើងរបស់យោធាកាលពីថ្ងៃព្រហស្បតិ៍។

អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបានឱ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងនៅយប់ថ្ងៃពុធ ទី០៣ ខែមិថុនា បន្ទាប់ពីទទួលបានរបាយការណ៍ស៊ើបការណ៍សម្ងាត់អំពីវត្តមានរបស់ក្រុមសកម្មប្រយុទ្ធដែលទទួលបានការឧបត្ថម្ភពីបរទេស។

ISPR បានឲ្យដឹងទៀតថា ប្រតិបត្តិការលើកដំបូងនៅក្នុងស្រុកដេរ៉ាអ៊ីស្មែលខាន់ កម្លាំងសន្តិសុខបានសម្រុកចូលក្នុងទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុ្ធ និងបានសម្លាប់ក្រុមសកម្មប្រយុទ្ធ ២នាក់ បន្ទាប់ពីមានការបាញ់ប្រហារគ្នាយ៉ាងខ្លាំងក្លា។

នៅក្នុងប្រតិបត្តិការមួយផ្សេងទៀតនៅក្នុងស្រុកម៉ូម៉ាន់ កម្លាំងសន្តិសុខបានសម្លាប់ក្រុមសកម្មប្រយុទ្ធ ២នាក់បន្ថែមទៀតអំឡុង​ពេល​ដែល​យោធា​បាន​ពិពណ៌នា​ថា​ ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព និងជោគជ័យ។

អាវុធ និងគ្រាប់រំសេវមួយចំនួនត្រូវបានរឹបអូសពីពួកសកម្មប្រយុទ្ធដែលស្លាប់ ដែលពួកគេទាំងនោះមានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្មជាច្រើននៅក្នុងតំបន់៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦

 

LEAVE A REPLY

Please enter your comment!
Please enter your name here