Wednesday, June 17, 2026

យោធាអ៊ីស្រាអែលអះអាងថាបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ហេបូឡាម្នាក់នៅលីបង់

0

ប្រទេសអ៊ីស្រាអែល៖ កងទ័ពការពារជាតិអ៊ីស្រាអែល (IDF) បានបញ្ជាក់កាលពីថ្ងៃអាទិត្យ ទី១៤​ ខែមិថុនា ថា​ ពួកគេបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ក្រុមហេបូឡាលោក អាលី មុសា ដាកឌុក នៅក្នុងការវាយប្រហារតាមអាកាសមួយនៅភាគខាងត្បូងទន្លេលីថានី ស្ថិតនៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ។

កងទ័ពការពារជាតិអ៊ីស្រាអែល (IDF) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា លោកដាកឌុក ធ្លាប់បានកាន់តំណែងជាន់ខ្ពស់ជាច្រើននៅក្នុងក្រុមហេបូឡា ក្នុងនោះមានទាំងជាប្រធានអង្គភាពសន្តិសុខរបស់អតីតមេដឹកនាំរបស់ក្រុមហេបូឡា លោក ហាសាន ណាស្រាឡាហ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីខែកញ្ញា ឆ្នាំ២០២៤។

លោក ដាកឌុក ថែមទាំងធ្លាប់បម្រើការងារជាមេបញ្ជាការជាន់ខ្ពស់នៃកម្លាំងវីរជនរ៉ាដវ៉ានរបស់ក្រុមហេបូឡា មន្ត្រីជាន់ខ្ពស់ក្នុងផ្នែកប្រតិបត្តិការរបស់អង្គភាពណាសៀរ និងជាមេបញ្ជាការកងពលតូចថ្មើរជើងរបស់ក្រុម។ មិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងបានដឹកនាំបណ្តាញក្រុមសកម្មប្រយុទ្ធដែលប្រមូលផ្តុំឡើងនៅតាមតំបន់ព្រំដែនរវាងប្រទេសស៊ីរី និងអ៊ីស្រាអែល ។ គាត់ក៏ធ្លាប់ត្រូវបានកងកម្លាំងអាមេរិកចាប់ឃុំខ្លួនក្នុងនៅឆ្នាំ២០០៧ ពាក់ព័ន្ធនឹងករណីចាប់ជំរិត និងសម្លាប់ទាហានអាមេរិក ៥នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់ផងដែរ។ មកទល់នឹងពេលនេះ មិនទាន់មានការអធិប្បាយជាផ្លូវការណាមួយពីក្រុមហេបូឡា ជុំវិញការអះអាងរបស់កងទ័ពការពារជាតិអ៊ីស្រាអែល (IDF) នៅឡើយទេ៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១៥​ ខែមិថុនា ឆ្នាំ២០២៦

 

LEAVE A REPLY

Please enter your comment!
Please enter your name here