ប្រទេសរុស្ស៊ី៖ កម្លាំងសន្តិសុខរុស្ស៊ីបានចាប់ខ្លួនបុរសម្នាក់នៅក្នុងតំបន់យ៉ារ៉ូស្លាវ ដែលត្រូវបានចោទប្រកាន់ពីបទរៀបចំវាយប្រហារភេរវកម្មនៅលើរចនាសម្ព័ន្ធផ្លូវរថភ្លើងតាមការបញ្ជារបស់ក្រុមអ្នកស៊ើបការណ៍សម្ងាត់អ៊ុយក្រែន នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃអង្គារ ទី១៦។
ជនសង្ស័យម្នាក់ត្រូវបានវាយខ្នោះ ខណៈដែលរូបគេកំពុងព្យាយាមដាក់បង្កប់គ្រឿងផ្ទុះកែច្នៃ នៅលើរចនាសម្ព័ន្ធផ្លូវរថភ្លើង នេះបើតាមខ្លឹមសារដកស្រង់ពីការិយាល័យសារព័ត៌មានក្នុងតំបន់នៃអគ្គនាយកដ្ឋានយ៉ារ៉ូសឡាវ(Yaroslavl) ក្រោមសេវាកម្មសន្តិសុខសហព័ន្ធ (FSB)។
ជនសង្ស័យ ដែលជាពលរដ្ឋរស់នៅក្រុងរីប៊ីន និងកើតនៅឆ្នាំ២០០៣ ត្រូវបានមន្រ្តីសន្តិសុខតាមដានសកម្មភាពជាយូរមកហើយ ។ សេវាកម្មសន្តិសុខសហព័ន្ធបានអះអាងថា ពួកគេបានចងក្រងឯកសារពីសកម្មភាពខុសច្បាប់ជាច្រើនរបស់ជនសង្ស័យដែលមានគោលដៅទៅលើរចនាសម្ព័ន្ធថាមពល និងប្រព័ន្ធដឹកជញ្ជូន។
បន្ទាប់ពីការចាប់ខ្លួន នាយកដ្ឋានស៊ើបអង្កេតនៃ FSB នៅក្នុងក្រុងយ៉ារ៉ូសឡាវបានបើកសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងជនសង្ស័យដោយចោទប្រកាន់ពីបទប៉ុនប៉ងភេរវកម្ម៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦










