Wednesday, June 24, 2026

ទាហានម្នាក់ស្លាប់ និង ១៣នាក់របួសដោយយន្តហោះគ្មានមនុស្សបើករបស់ហេបូឡា

0

ប្រទេសអ៊ីស្រាអែល៖ ទាហានកម្មង់ដូអ៊ីស្រាអែលម្នាក់ត្រូវបានសម្លាប់ និង ១៣នាក់ទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះយន្តហោះគ្មានមនុស្សបើករបស់ក្រុមហេបូឡានៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃសៅរ៍ ទី២០ ខែមិថុនា នេះបើតាមប្រភពពីកងទ័ពការពារជាតិអ៊ីស្រាអែល (IDF) និងប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល។

យោងតាមព័ត៌មានទូរទស្សន៍ ខាន ដែលគ្រប់គ្រងដោយរដ្ឋអ៊ីស្រាអែលបានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើកបានវាយប្រហារដោយផ្ទាល់លើកម្លាំងកម្មង់ដូអ៊ីស្រាអែលនៅក្នុងភូមិ ឃេហ្វា តេបនីត នៅភាគខាងត្បូងប្រទេសលីបង់មុនពេលព្រលឹមស្រាងៗ។

របាយការណ៍ដដែលបានឲ្យដឹងថា ទាហាន២នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល និង១០នាក់ផ្សេងទៀតរងរបួសតិចតួច នៅក្នុងការវាយប្រហារនោះ។

ទូរទស្សន៍ ខាន បានរាយការណ៍ថា បន្ទាប់ពីការវាយប្រហារនោះ យោធាអ៊ីស្រាអែលបានបើកវាយប្រហារលើទីតាំង និងរចនាសម្ព័ន្ធរបស់ក្រុមហេបូឡានៅក្នុងទីក្រុងណាបាទីយ៉េ។

ហេតុការណ៍នេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីទាហានអ៊ីស្រាអែល ៤នាក់ ត្រូវបានសម្លាប់នៅភាគខាងត្បូងប្រទេសលីបង់ ខណៈពេលដែលមានវត្ថុមួយពីលើអាកាសបានធ្លាក់មកបុករថក្រោះរបស់ពួកគេ។

ក្នុងពេលជាមួយគ្នានោះ ទូរទស្សន៍ប៉ុស្តិ៍លេខ១២របស់អ៊ីស្រាអែលបានរាយការណ៍កាលពីថ្ងៃសៅរ៍​ ទី២០ ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហូ (Benjamin Netanyahu) និងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល កាតហ្ស បានបញ្ជាឱ្យយោធាឈប់វាយប្រហារទៅលើប្រទេសលីបង់។ ទោះជាយ៉ាងណា កម្លាំងអ៊ីស្រាអែលមិនទាន់ដកចេញពីតំបន់ដែលពួកគេកាន់កាប់នៅភាគខាងត្បូងប្រទេសលីបង់ឡើយ។ នៅថ្ងៃសៅរ៍ដដែល ក្រុមហេបូឡាបានចោទប្រកាន់អ៊ីស្រាអែលលើករណីថាបានរំលោភបទឈប់បាញ់ជាង៣០០លើក ចាប់តាំងពីថ្ងៃសុក្រ មក ដែលបានសម្លាប់មនុស្ស ១១១នាក់ និងបង្ករបួសដល់មនុស្ស ១៧៦នាក់ផ្សេងទៀត ខណៈពួកគេបាន​បដិសេធ​ការ​អះអាង​របស់​អ៊ីស្រាអែលដែល​ថាពួកគេ​បាន​រំលោភ​បទ​ឈប់​បាញ់នោះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យទំនាក់ទំនងសារព័ត៌មានរបស់ក្រុមហេបូឡា បានពណ៌នាការចោទប្រកាន់របស់អ៊ីស្រាអែលថា “មិនពិត”  ហើយបាននិយាយថា ការចោទប្រកាន់ទាំងនោះមានគោលបំណងដើម្បីបង្ហាញភាពសមស្របសម្រាប់បន្តការវាយប្រហារទៅលើប្រទេសលីបង់ និងសម្លាប់ជនស៊ីវិល។ ការរំលោភបទឈប់បាញ់របស់អ៊ីស្រាអែល រួមមានការវាយប្រហារតាមអាកាស ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងការរំលោភបទឈប់បាញ់របស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ប្រជុំជន និងភូមិប្រមាណ ២៥កន្លែង នេះបើតាមការបញ្ជាក់របស់ក្រុមនោះ៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦

 

LEAVE A REPLY

Please enter your comment!
Please enter your name here