Monday, June 29, 2026

តួកគីឃុំខ្លួនជនសង្ស័យ ២០៩នាក់ក្នុងការបង្ក្រាបពួកISនៅទូទាំងប្រទេស    

0

ប្រទេសតួកគី៖ កម្លាំងសន្តិសុខតួកគីបានឃុំខ្លួនជនសង្ស័យ ២០៩នាក់លើបទចោទថាមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មនៅទូទាំងប្រទេស នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន តួកគីធូដេ​​ (Türkiye Today) ដែលបានដកស្រង់សម្តីរបស់អាជ្ញាធរតួកគី កាលពីថ្ងៃអង្គារ។

ក្នុងរបាយការណ៍ព័ត៌មានមានខ្លឹមសារថា ការវាយឆ្មក់ដែលមានការសម្របសម្រួលបានធ្វើឡើងនៅទូទាំង ៤៦ខេត្ត ជាមួយនឹងនីតិវិធីផ្លូវច្បាប់ប្រឆាំងនឹងមនុស្ស ២៤១នាក់។ កិច្ចខិតខំប្រឹងប្រែងដើម្បីតាមចាប់ជនសង្ស័យដែលនៅសេសសល់កំពុងតែបន្តដំណើរការ។

របាយការណ៍បានបន្ថែមថា កម្លាំងសន្តិសុខថែមទាំងបានរឹបអូសឯកសារជាច្រើនដែលទាក់ទងនឹងអង្គការនេះ ព្រមទាំងសម្ភារៈឌីជីថលជាច្រើនក្នុងអំឡុងពេលវាយឆ្មក់។ ទោះជាយ៉ាងណា របាយការណ៍មិនបានបញ្ជាក់ពីរយៈពេលដែលប្រតិបត្តិការនេះបានប្រព្រឹត្តទៅនោះទេ។

គួរំលឹកផងដែរថា រដ្ឋាភិបាលតួកគីបានកំណត់ជាផ្លូវការថាក្រុម IS ថាជាអង្គការភេរវកម្មតាំងពីឆ្នាំ២០១៣ មក ហើយបានធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មជាច្រើន ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here