នីហ្សេរីយ៉ា៖ ប៉ូលិសបានឲ្យដឹងកាលពីថ្ងៃអង្គារ ទី២៣ ថា យ៉ាងហោចណាស់មនុស្ស២០នាក់ ត្រូវបានសម្លាប់បន្ទាប់ពីក្រុមប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណមួយក្រុមបានវាយប្រហារលើអ្នកតាំងលំនៅក្នុងសហគមន៍មួយនៃរដ្ឋផ្លេថធូ ប្រទេសនីហ្សេរីយ៉ា កាលពីដើមសប្តាហ៍នេះ។
លោក អាលហ្វ្រេដ អាឡាបូ អ្នកនាំពាក្យរបស់ប៉ូលិសរដ្ឋផ្លេថធូ បានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថា ក្រុមអ្នកវាយប្រហារបានសម្រុកចូលសហគមន៍កាវ៉េល នៅក្នុងតំបន់រដ្ឋាភិបាល បូកកូស កាលពីព្រឹកថ្ងៃអាទិត្យ ទី២១ ដោយបានបើកការបាញ់ប្រហារ និងវាយប្រហារលើអ្នកតាំងលំនៅជាមួយនឹងដាវសាម៉ូរៃមុននឹងរត់គេចចេញពីកន្លែងកើតហេតុ។
លោក អាឡាបូ បាននិយាយថា មនុស្ស១៨នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់នៅកន្លែងកើតហេតុ ខណៈដែលមនុស្ស ៣នាក់ផ្សេងទៀតរងរបួស។ ក្នុងចំណោមអ្នករងរបួសទាំងនោះ មាន ២នាក់បានស្លាប់នៅមន្ទីពេទ្យ ដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងដល់យ៉ាងហោចណាស់ ២០នាក់។
លោកបានបញ្ជាក់ថា មូលហេតុនៃការវាយប្រហានេះរនៅមិនទាន់បានដឹងនៅឡើយទេ ហើយប៉ូលិសបានបើកការស៊ើបអង្កេតលើហេតុការណ៍នេះរួចហើយ។
រដ្ឋផ្លេថធូ មានទីតាំងស្ថិតនៅតំបន់មីឌល បេល នៃប្រទេសនីហ្សេរីយ៉ា។ មីឌល បេល គឺជាតំបន់មួយដែលភ្ជាប់រវាងភាគខាងជើងនៃប្រទេសដែលសម្បូរជនជាតិអ៊ីស្លាម និងភាគខាងត្បូងដែលសម្បូរគ្រីស្ទបរិស័ទ។
រដ្ឋនេះបានជួបប្រទះនូវអំពើហិង្សាជាប្រចាំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងជាញឹកញាប់មានពាក់ព័ន្ធនឹងជម្លោះដីធ្លី និងធនធានរវាងសហគមន៍ផ្សេងៗ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ (សន្តិសុខ)










