Monday, June 29, 2026

ជនសង្ស័យជាភេរវករ ៦នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្ម    

0

ប្រទេសប៉ាគីស្ថាន៖ អាជ្ញាធរក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃពុធ ទី២៤ ខែមិថុនាថា ភេរវករ៦នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃពុធ ទី២៤ ខែមិថុនា ក្នុងប្រតិបត្តិការរបស់នាយកដ្ឋានប្រឆាំងភេរវកម្ម នៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។

ប្រតិបត្តិការនេះត្រូវបានចាប់ផ្ដើមនៅក្នុងស្រុកឡូវើរ ដៀរ បន្ទាប់ពីទទួលបានរបាយការណ៍ស៊ើបការណ៍សម្ងាត់ដែលបង្ហាញពីវត្តមានរបស់ពួកសកម្មប្រយុទ្ធដែលមានជាប់ពាក់ព័ន្ធនឹងក្រុមភេរវករមួយដែលត្រូវបានហាមឃាត់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយកនាយកដ្ឋាន។

សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា ពួកសកម្មប្រយុទ្ធទាំងនេះមានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្មជាច្រើន រួមទាំងការវាយប្រហារភេរវកម្មថ្មីៗលើបុស្ត៍ត្រួតពិនិត្យបេដវ៉ាន ប្រីច ដែលបានសម្លាប់មន្ត្រីប៉ូលិសម្នាក់។

បន្ទាប់ពីកំណត់ទីតាំងរបស់ជនសង្ស័យនៅក្នុងតំបន់ភ្នំ កម្លាំងសន្តិសុខបានព្យាយាមចាប់ខ្លួនពួកគេ ប៉ុន្តែពួកសកម្មប្រយុទ្ធបានបើកការបាញ់ប្រហារ ដែលបណ្តាលឱ្យមានការផ្ទុះអាវុធតបតគ្នា ហើយក្នុងអំឡុងពេលប៉ះទង្គិចគ្នានោះ ពួកសកម្មប្រយុទ្ធ ៦នាក់ត្រូវបានសម្លាប់។

កាំភ្លើងអាកា ៦ដើម គ្រាប់បែកដៃ៣​ គ្រាប់ និងគ្រឿងផ្ទុះជាច្រើនត្រូវបានរឹបអូសពីទីតាំងកើតហេតុ។ ប្រតិបត្តិការស្វែងរកកំពុងបន្តដំណើរការដើម្បីតាមប្រមាញ់ជនសង្ស័យដែលបានរត់គេចខ្លួន នេះបើតាមសេចក្តីថ្លែងការណ៍៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦

 

LEAVE A REPLY

Please enter your comment!
Please enter your name here