Monday, June 29, 2026

អ៊ីស្រាអែលអះអាងថាបានសម្លាប់សមាជិកក្រុមហេបូឡា ៦នាក់ក្នុងប្រទេសលីបង់

0

ប្រទេសអ៊ីស្រាអែល៖ កងទ័ពការពារជាតិអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៥​ ថា ពួកគេបានសម្លាប់សមាជិកក្រុមហេបូឡា ៦នាក់ ក្នុងហេតុការណ៍ពីរដាច់ដោយឡែកពីគ្នា នៅភាគខាងត្បូងប្រទេសលីបង់។

ក្នុងសេចក្តីថ្លែងការណ៍របស់កងទ័ពការពារជាតិអ៊ីស្រាអែល (IDF) មានខ្លឹមសារថា នៅក្នុងហេតុការណ៍ទីមួយ ទាហានអ៊ីស្រាអែលដែលកំពុងធ្វើប្រតិបត្តិការនៅតំបន់ប្រជុំជនហ្សាថារ អាល ស្ហាឃ្វីយ៉ា បានប្រទះឃើញសមាជិកក្រុមហេបូឡា ៥នាក់ នៅក្នុង “តំបន់សន្តិសុខ”  ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល ហើយអះអាងថា ពួកគេបានបង្កការគំរាមកំហែងដល់កងទ័ពអ៊ីស្រាអែល។ ចំណែកនៅក្នុងហេតុការណ៍ទី២ ក្រុមទាហានដែលកំពុងធ្វើប្រតិបត្តិការនៅតំបន់អាលី អាល ថាហឺររីច បានប្រទះឃើញសមាជិកក្រុមហេបូឡាម្នាក់ដែលមានអាវុធ និងអះអាងថាជននោះបានបង្កការគំរាមកំហែងផងដែរ។

យោងតាមសេចក្ដីថ្លែងការណ៍បានឲ្យដឹងថា បន្ទាប់ពីកំណត់អត្តសញ្ញាណជនទាំងនោះបានហើយ កងទ័ពអាកាសអ៊ីស្រាអែល និងកងកម្លាំងជើងគោកបានបើកការបាញ់ប្រហារ ដោយបានសម្លាប់សមាជិកក្រុមហេបូឡាទាំងនោះ។

ហេតុការណ៍ទាំងនេះបានកើតឡើង បើទោះបីជាកិច្ចព្រមព្រៀងបទឈប់បាញ់រវាងលីបង់ និងអ៊ីស្រាអែល បានចូលជាធរមានកាលពីសប្តាហ៍មុន នៅតែមានសុពលភាពក៏ដោយ។

កាលពីថ្ងៃចន្ទ មេដឹកនាំអ៊ីស្រាអែលបាននិយាយថា កងទ័ពការពារជាតិអ៊ីស្រាអែល (IDF) នឹងបន្តបង្ក្រាប “រាល់ការគំរាមកំហែង”  នៅភាគខាងត្បូងប្រទេសលីបង់៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here