ប្រទេសតួកគី៖ អាជ្ញាធរនិយាយថា ប៉ូលិសតួកគីបានឃុំខ្លួនជនសង្ស័យ៣៩នាក់នៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ ពីបទការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS)។
ការឃុំខ្លួននេះត្រូវបានធ្វើឡើងក្នុងការវាយឆ្មក់នៅពេលដំណាលគ្នាលើទីតាំងចំនួន៤៣ ទូទាំងទីក្រុង បន្ទាប់ពីការិយាល័យរដ្ឋអាជ្ញាសាធារណៈអ៊ីស្តង់ប៊ុលបានចេញដីកាឃុំខ្លួនលើជនសង្ស័យចំនួន៤២នាក់ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតភេរវកម្ម។
យោងតាមការិយាល័យរដ្ឋអាជ្ញាបានឲ្យដឹងថា ជនសង្ស័យទាំងនោះមានទំនាក់ទំនងជាមួយបណ្តាញសម្ព័ន្ធ IS ដែលត្រូវបានគេចោទប្រកាន់ថារៃអង្គាសប្រាក់ ផ្សព្វផ្សាយមនោគមវិជ្ជារបស់ក្រុមនេះ និងជ្រើសរើសអ្នកគាំទ្រតាមរយៈការប្រមូលផ្តុំសាសនិកជនដោយគ្មានការអនុញ្ញាត។
អាជ្ញាធរនិយាយថា ប៉ូលិសបានរឹបអូសកាំភ្លើងខ្លីគ្មានអាជ្ញាប័ណ្ណមួយដើម គ្រាប់ចំនួន៥០បង់ កាំបិតចំនួន២ដើម យន្តហោះគ្មានមនុស្សបើក១គ្រឿង និងសម្ភារៈឌីជីថលជាច្រើនផ្សេងទៀត ក្នុងអំឡុងប្រតិបត្តិការ។
ជនសង្ស័យ៣នាក់កំពុងរត់គេចខ្លួន ចំណែកឯកិច្ចខិតខំប្រឹងប្រែងដើម្បីតាមចាប់ខ្លួនពួកគេទាំងនោះកំពុងតែបន្ត។
គួរំលឹកផងដែរថា រដ្ឋាភិបាលតួកគីបានកំណត់ជាផ្លូវការថា ក្រុម IS គឺជាអង្គការភេរវកម្មក្នុងឆ្នាំ២០១៣ ហើយចាប់តាំងពីពេលនោះមក ក្រុមនេះបានកំណត់គោលដៅវាយប្រហារជាច្រើនលើក។ ជាការឆ្លើយតប ទីក្រុងអង់ការ៉ាបានចាប់ផ្តើមប្រតិបត្តិការប្រឆាំងភេរវកម្មទាំងនៅក្នុងស្រុក និងនៅបរទេស៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ (ភេរវកម្ម)










