ប្រទេសក្រិក៖ ប៉ូលិសបានប្រាប់ភ្នាក់ងារព័ត៌មាន AFP ថា ក្រុមអ្នកវាយប្រហារបានប្រើប្រាស់គ្រឿងផ្ទុះកែឆ្នៃ វាយប្រហារលើលំនៅឋានរបស់អ្នកនយោបាយ ៣រូបមកពីគណបក្សកាន់អំណាចរបស់ប្រទេសក្រិក កាលពីថ្ងៃថ្ងៃពុធ ទី១ ខែកក្កដា បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង៤នាក់ផ្សេងទៀតរងរបួស។
ការវាយប្រហារនេះបានកើតឡើងនៅវេលាទៀបភ្លឺ ក្នុងទីក្រុងថែស្សាឡូនីគី (Thessaloniki) នៅភាគខាងជើងប្រទេសក្រិក ដោយអ្នកវាយប្រហារបានប្រើឧបករណ៍ផ្ទុះកែឆ្នៃពីដបហ្កាស។
នាយករដ្ឋមន្ត្រី គីរីអាកូសមីតសូថាគីស (Kyriakos Mitsotakis) ដែលជាមេដឹកនាំគណបក្សប្រជាធិបតីថ្មី បានបង្ហាញពី “កំហឹង និងការខឹងសម្បារ” ដែលលោកបានចាត់ទុកថា “ជាការវាយប្រហារដ៏កំសាក ជាទង្វើភេរវកម្ម និងឃាតកម្ម” ហើយលោកបាននិយាយថា លោកនឹងទៅទស្សនកិច្ចទីក្រុងថែស្សាឡូនីគី នៅពេលក្រោយដើម្បីផ្តល់ការគាំទ្រដល់សមាជិកគណបក្សរបស់គាត់។
វ៉េបសាយព័ត៌មាន Kathimerini news បានរាយការណ៍ថា ឪពុកម្តាយរបស់អតីតបេក្ខជនបក្សលោកស្រី អាហ្វ្រូឌីធី ណេស្តូរ៉ា (Afroditi Nestora) បានរងរបួស និងត្រូវបានបញ្ជូនទៅមន្ទីពេទ្យ។ សារព័ត៌មានដដែលបានបញ្ជាក់ថា គោលដៅពីរផ្សេងទៀតនៃការវាយប្រហារគឺ លោក ហ្ស៊ីសស៊ីស លូអកគីមូវីក(Zisis Ioakimovic) ប្រធានគណៈកម្មាធិការប្រតិបត្តិរបស់គណបក្ស និងអតីតតំណាងរាស្ត្រគណបក្សលោក សាវ៉ាស អេណាស្តេសៀឌីស (Savvas Anastasiades)។
ប៉ូលិសបានបញ្ចាក់ថា មានមនុស្ស ៥នាក់រងរបួស ប៉ុន្តែមិនបានបញ្ចេញឈ្មោះជនរងគ្រោះណាមួយទេ ហើយក៏មិនបានបញ្ជាក់ថា អ្នកណាជាអ្នកវាយប្រហារ ឬបង្ហាញពីគោលបំណងនៃការវាយប្រហារនោះទេ។ ប៉ូលីសបានឲ្យដឹងថាគ្រឿងផ្ទុះកែច្នៃទាំងនោះត្រូវបានផលិតពីកំប៉ុងឧស្ម័នប៊ុយតានខ្នាតតូច ហើយការវាយប្រហារទាំងនោះហាក់ដូចជាធ្វើឡើងដោយមនុស្សតែមួយ។
ក្រុមមន្ត្រីបាននិយាយថា ពួកគេកំពុងប្រមូលខ្សែរវីដេអូពីកាមេរ៉ាសុវត្ថិភាព ដែលជួយពួកគេក្នុងការតាមចាប់ខ្លួនក្រុមជនដៃដល់។
លោក មីតសូថាគីស បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងថែស្សាឡូនីគី គឺមានបំណងដើម្បី “ផ្ញើសារលម្អិត និងច្បាស់លាស់ថា គ្មានការអត់ធ្មត់ចំពោះគ្រប់ ទម្រង់ថ្មីនៃភេរវកម្មដែលអាចនឹងលេចឡើងនៅក្នុងប្រទេសរបស់យើងនោះទេ”។ គណបក្សប្រឆាំងឆ្វេងនិយមក៏បានថ្កោលទោសចំពោះការវាយប្រហារទាំងនេះផងដែរ។
ក្រុមឆ្វេងនិយម និងក្រុមអនាធិបតេយ្យជាញឹកញាប់បានប្រើគ្រឿងផ្ទុះកែច្នៃដើម្បីវាយប្រហារលើបុគ្គលសាធារណៈ ធនាគារ និងក្រុមហ៊ុនជាច្រើន បណ្តាលឱ្យមានការខូចខាតទ្រព្យសម្បត្តិជាច្រើន ប៉ុន្តែមិនបង្កឱ្យមានអ្នកស្លាប់ ឬរបួសទេ។
នៅខែកក្កដា ឆ្នាំ២០២៥ មានការផ្ទុះគ្រាប់បែកមួយនៅខាងក្រៅផ្ទះប្រធានសមាគមអ្នកគ្រប់គ្រងពន្ធនាគាររបស់ប្រទេសក្រិក ទីក្រុងថែស្សាឡូនីគី។ ប្រធានសមាគមអ្នកគ្រប់គ្រងពន្ធនាគារមិនបានរងរបួសទេ ប៉ុន្តែមានមនុស្ស ២នាក់ផ្សេងទៀតរងរបួសស្រាល ដោយសារតែកញ្ចក់បែកខ្ទាតត្រូវ។
គួរំលឹកផងដែរថា នៅក្នុងខែមិថុនា ឆ្នាំ២០២៤ មន្រ្តីប៉ូលិសម្នាក់ដែលបានការពារផ្ទះរបស់ចៅក្រមជាន់ខ្ពស់មួយរូបនៅទីក្រុងអាថែន ក៏បានរបួសនៅក្នុងការវាយប្រហារដោយគ្រាប់បែកហ្គាសផងដែរ៕
ប្រភព euronews.com ចុះផ្សាយឡើងវិញថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ (ភេរវកម្ម)










