Tuesday, July 7, 2026

មន្ត្រីសន្តិសុខ៤នាក់ស្លាប់ និង១៦នាក់រងរបួសក្នុងការវាយប្រហារអត្តឃាតនៅប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ មន្ត្រីសន្តិសុខ៤នាក់បានសម្លាប់បាត់បង់ជីវិត និង១៦នាក់​ផ្សេងទៀតរងរបួសបន្ទាប់ការវាយប្រហារអត្តឃាតដោយគ្រឿងផ្ទុះកែច្នៃបំពាក់នៅលើរថយន្តដែលគេកំណត់គោលដៅលើបុស្តិ៍ត្រួតពិនិត្យរបស់ឆ្មាំសមុទ្រប៉ាគីស្ថានក្នុងខេត្តប៉ាឡូជីស្ថាន ភាគនិរតីរបស់ប្រទេស នេះបើយោងតាមប្រភពផ្លូវការដែលនិយាយកាលពីថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២៦។

 ការវាយប្រហារនេះបានកើតឡើងនៅម៉ោងប្រមាណ៦:៤០នាទី នាថ្ងៃសុក្រ ទី០៣ នៅពេលដែលរថយន្តដឹកទំនិញដែលបំពាក់គ្រឿងផ្ទុះបុកចូលបុស្តិ៍ត្រួតពិនិត្យរបស់ឆ្មាំសមុទ្រប៉ាគីស្ថាន នៅក្នុងទីក្រុងជីវ៉ានី ក្នុងស្រុកក្វាដារ នេះបើតាមប្រភពមួយដែលសុំមិនបញ្ចេញឈ្មោះ។

ប្រភពបាននិយាយថា ការផ្ទុះដ៏ខ្លាំងក្លានេះបានបំផ្លាញអគារបុស្តិ៍ត្រួតពិនិត្យ សម្លាប់មន្ត្រីឆ្មាំសមុទ្រប៉ាគីស្ថានចំនួន៣នាក់​ និងទាហាននៃកងទ័ពប៉ាគីស្ថានម្នាក់នៅនឹងកន្លែង។

មន្ត្រីសន្តិសុខ១៦នាក់ ក្នុងនោះមានទាហាននៃកងទ័ពប៉ាគីស្ថានចំនួន៨នាក់ និងមន្ត្រីឆ្មាំសមុទ្រចំនួន៨នាក់ រងរបួសក្នុងហេតុការណ៍នេះ ហើយអ្នករងរបួសជាច្រើននាក់ត្រូវបានគេរាយការណ៍ថា ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។

យោងតាមប្រភពបានឱ្យដឹងថា ពួកភេរវករមួយក្រុមដែលឈរជើងនៅក្បែរបុស្តិ៍ត្រួតពិនិត្យបានបើកការបាញ់ប្រហារភា្លមៗបន្ទាប់ពីការផ្ទុះនេះ មុនពេលពួកគេរត់គេចចេញពីកន្លែងកើតហេតុ។

​ប៉ូលិស កងកម្លាំងសន្តិសុខ និងក្រុមជួយសង្គ្រោះបានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ និងរាយខ្សែរង្វង់សុវត្ថិភាពបិទកន្លែងកើតហេតុ ហើយបញ្ជូនអ្នករងរបួសទៅមន្ទីពេទ្យក្បែរនោះ។

ប្រតិបត្តិការតាមប្រមាញ់គឺត្រូវបានអនុវត្ត ចំណែកឯការស៊ើបអង្កេតបានចាប់ផ្តើមប្រមូលភ័ស្តុតាងពីកន្លែងកើតហេតុ។

យោងតាមប្រភពបានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធដែលត្រូវបានហាមឃាត់គឺកងទ័ពរំដោះបាឡូជីស្ថានបានទទួលខុសត្រូវចំពោះការវាយប្រហារនេះ។

មិនមានព័ត៌មានលម្អិតបន្ថែមណាមួយអាចរកបានភ្លាមៗនោះទេ ដោយសារការស៊ើបអង្កេត និងប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ (ភេរវកម្ម (វាយប្រហារ)

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here