Saturday, July 11, 2026

រុស្សីឃុំខ្លួនភេរវករ៨នាក់នៅតំបន់កូកាស៊ីស

0

ប្រទេសរុស្ស៊ី៖ ក្រសួងសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បាននិយាយកាលពីថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២៦ ថាបានឃុំខ្លួនសមាជិកក្រុមភេរវករចំនួន៨នាក់នៅសាធារណៈរដ្ឋកាបារឌីណូ បាល់ការរៀ (Kabardino-Balkaria) ភាគខាងជើងតំបន់កូកាស៊ីស។ ភេរវករទាំងនោះកំពុងរៀបចំផែនការវាយប្រហារលើភ្នាក់ងារអនុវត្តច្បាប់ដើម្បីរឹបអូសអាវុធ។

ក្រសួងសន្តិសុខសហព័ន្ធរុស្ស៊ីបាននិយាយថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងរួមគ្នាជាមួយក្រសួងមហាផ្ទៃ និងឆ្មាំជាតិរុស្ស៊ីនៅក្នុងស្រុកបាកសានបានបង្អាក់​ក្រុម​សម្ងាត់​មួយដែល​មានទំនាក់ទំនង​នឹង​អង្គការ​ភេរវកម្ម​អន្តរជាតិ​ដែល​ត្រូវ​បាន​ហាមឃាត់​ក្នុង​ប្រទេស​រុស្ស៊ី។

ជនសង្ស័យបានសារភាពអំពីភក្តីភាពចំពោះអ្នកតំណាងម្នាក់របស់ក្រុមនេះ ហើយកំពុងរៀបចំការវាយប្រហារប្រដាប់អាវុធទៅលើស្ថាប័នអនុវត្តច្បាប់នៅសាធារណៈរដ្ឋកាបារឌីណូ បាល់ការរៀ នេះបើតាមទីភ្នាក់ងារ។

ការឆែកឆេរផ្ទះរបស់ជនសង្ស័យ និងឃ្លាំងសម្ងាត់មួយបានរកឃើញអាវុធចំនួន១០ដើម គ្រាប់ប្រមាណ៥០០បង់ ម្សៅរំសេវ៥គីឡូក្រាម  ឧបករណ៍បញ្ឆេះភ្លើកែច្នៃ១២ដើម និងសម្ភារៈជាច្រើនសម្រាប់ផលិតឧបករណ៍នេះ រួមជាមួយកាំបិត វិទ្យុទាក់ទង សម្ភារៈពេទ្យ និងឧបករណ៍សង្គ្រោះជីវិត នេះបើតាមការលើកឡើងរបស់ក្រសួងសន្តិសុខសហព័ន្ធរុស្ស៊ី។

សំណុំរឿងព្រហ្មទណ្ឌត្រូវបានបើកសវនាការលើបទចោទប្រកាន់ជាច្រើន រួមទាំងការរៀបចំអំពើភេរវកម្ម និងការចូលរួមក្នុងសកម្មភាពរបស់អង្គភាពភេរវកម្ម។ ជនសង្ស័យទាំងនោះត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នរង់ចាំការស៊ើបអង្កេតបន្តទៀត៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ (ភេរវកម្មបង្ក្រាប)

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here