ប្រទេសប៉ាគីស្ថាន៖ កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ភេរវករ១៥នាក់ក្នុងប្រតិបត្តិការបោសសម្អាតទ្រង់ទ្រាយធំ បន្ទាប់ពីមានការវាយប្រហារដ៏សាហាវពេញមួយយប់លើបុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិសនៅខេត្តប៉ាឡូជីស្ថាន ភាគនិរតីប្រទេសប៉ាគីស្ថានដែលបណ្តាលឱ្យប៉ូលិស៩នាក់ស្លាប់ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋបាលខេត្តនិយាយកាលពីថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២៦។
ជំនួយការនាយករដ្ឋមន្រ្តីបាឡូជីស្ថានទទួលបន្ទុកកិច្ចការនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយ លោក ស្ហាហ៊ីដ រីន (Shahid Rind) បានប្រាប់អ្នកយកព័ត៌មានថា ការវាយប្រហារបានកើតឡើងនៅយប់ថ្ងៃចន្ទ ទី០៦ ក្នុងស្រុកហ្ស៊ីរ៉ាតជាកន្លែងដែលក្រុមសកម្មប្រយុទ្ធដែលប្រដាប់ដោយអាវុធធន់ធ្ងន់វាយលុកបុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិសមួយកន្លែងបង្កឱ្យមានការបាញ់ប្រហារយ៉ាងខ្លាំងក្លាដែលមានរយៈពេលច្រើនម៉ោង។
មន្ត្រីរូបនេះបានបន្តថា បន្ទាប់ពីមានការវាយប្រហារនេះកងកម្លាំងសន្តិសុខបានបើកប្រតិបត្តិការបោសសម្អាតជាច្រើនកន្លែងក្នុងពេលដំណាលគ្នាដែលមានការចូលរួមពីកងវរសេនាធំព្រំដែន ប៉ូលិសបាឡូជីស្ថាន នាយកដ្ឋានប្រឆាំងភេរវកម្ម កងប្រតិបត្តិការពិសេស និងកងកម្លាំងប្រឆាំងភេរវកម្ម។
លោក រីន បាននិយាយថា “ប្រតិបត្តិការបោសសម្អាតរួមគ្នានេះត្រូវបានបញ្ចប់ដោយជោគជ័យ ដែលក្នុងពេលនោះភេរវករ១៥នាក់ត្រូវបានសម្លាប់ ហើយនឹងមិនមានកន្លែងសុវត្ថិភាពសម្រាប់ពួកគេក្នុងខេត្តនេះទៀតទេ។” លោកបានបន្ថែមថា មន្ត្រីប៉ូលិស៨រូបដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងការវាយប្រហារបានវិលត្រលប់មកវិញដោយសុវត្ថិភាពដែលនេះជាលទ្ធផលនៃប្រតិបត្តិការ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ (ភេរវកម្មវាយប្រហារ)










