Saturday, July 11, 2026

អាជ្ញាធរស៊ីរីអះអាងថាសមាជិកពាក់ពន្ធនឹងពួក IS នៅពីក្រោយការវាយប្រហារបំផ្ទុះគ្រាប់បែក

0

ប្រទេសស៊ីរី៖ អាជ្ញាធរស៊ីរីបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី០៩ ថា ពួកគេបានចាប់ខ្លួនសមាជិកទាំងអស់ដែលមានជាប់ពាក់ព័ន្ធនឹងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម(IS) ដែលទទួលខុសត្រូវចំពោះការវាយប្រហារដោយបំផ្ទុះគ្រាប់បែកក្នុងសប្តាហ៍នេះនៅទីក្រុងដាម៉ាស បន្ទាប់ពីបានធ្វើប្រតិបត្តិការសន្តិសុខដែលមានការសម្របសម្រួលក្នុងរាជធានី និងតំបន់ជនបទ។

ឧត្តមសេនីយ៍ទោ អាហម៉ាដ អាល ដាឡាធី (Ahmad al-Dalati) មេបញ្ជាការនៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៅក្នុងតំបន់ដាម៉ាសបាននិយាយថា ការចាប់ខ្លួនធ្វើឡើងបន្ទាប់អ្នកស៊ើបអង្កេត ដែលកំពុងធ្វើការសម្របសម្រួលជាមួយនឹងអគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់ បានពិនិត្យឡើងវិញនូវខ្សែរវីដេអូដែលយកចេញពីកាមេរ៉ា និងភស្តុតាងផ្សេងទៀត ដែលប្រមូលចេញពីទីតាំងកើតហេតុ។

លោក អាល ដាឡាធី បានប្រាប់ទូរទស្សន៍រដ្ឋអាល អ៊ីកប៉ារ៉ីយ៉ា (Al-Ikhbariya) ថា “យើងអាចកំណត់អត្តសញ្ញាណសមាជិកម្នាក់ក្នុងចំណោមសមាជិកទាំងអស់ដែលទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែក និងតាមរយៈការតាមដានភេរវកររូបនោះ យើងបានរកឃើញសមាជិកភេរវករផ្សេងទៀតរបស់ក្រុមនេះ”

យោងតាមលោក អាល ដាឡាធី កម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការវាយឆ្មក់ជាបន្តបន្ទាប់នៅក្នុងតំបន់មួយចំនួននៃក្រុងដាម៉ាស និងតំបន់ជនបទ ក្នុងនោះរួមមានទាំងតំបន់អាល ហ៊ូសៀននីយ៉ា នៅភាគខាងត្បូងតំបន់ជនបទ និងតំបន់អាស្ហ អាល វ៉ារវ៉ារ ដែលឈានដល់ការចាប់ខ្លួនសមាជិកទាំងអស់នៃក្រុមភេរវករដែលមានជាប់ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនោះ។

លោក ដាឡាធី បានបញ្ជាក់ថា ការស៊ើបអង្កេតបឋមបានបង្ហាញថា ក្រុមជនសង្ស័យគឺជាសមាជិករបស់ក្រុមភេរវករ ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតពីអ្នកជាប់ឃុំខ្លួនឬអត្តសញ្ញាណរបស់ពួកគេឡើយ ។

មន្ត្រីរូបនោះបានបន្ថែមថា ក្រសួងមហាផ្ទៃនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីការពារសន្តិសុខ និងស្ថិរភាពប្រទេស ដោយព្រមានថា អាជ្ញាធរនឹងចាត់វិធានការយ៉ាងតឹងរឹងចំពោះជនណាក៏ដោយ ដែលព្យាយាមធ្វើឱ្យខូចស្ថិរភាព ឬរារាំងកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងប្រទេសឡើងវិញ។

ការផ្ទុះចំនួន ២គ្រាប់បានវាយប្រហារលើអគារក្រសួងទេសចរណ៍ស៊ីរីកាលពីល្ងាចថ្ងៃអង្គារ ទី០៧ ខែកក្កដា ស្របពេលប្រធានាធិបតីប្រទេសបារាំង អេម៉ានុយអែល ម៉ាក្រុន (Emmanuel Macron) កំពុងបំពេញទស្សនកិច្ចនៅប្រទេសស៊ីរ៉ី។ ហេតុការណ៍ផ្ទុះទាំងនោះបានសម្លាប់មនុស្សម្នាក់ និងបង្ករបួសដល់មនុស្ស​ជាច្រើននាក់ ដែលពួកគេភាគច្រើនគឺជាបុគ្គលិកក្រសួងមហាផ្ទៃ ខណៈដែលក្បួន​ដង្ហែរ លោក​ ម៉ាក្រុន ស្ថិតនៅចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ​ពី​កន្លែង​កើតហេតុ។

ការវាយប្រហារនេះបានកើតឡើង ខណៈដែលប្រទេសស៊ីរីបានចាត់វិធានការណ៍មួយកម្រិតទៀតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារក្តីបារម្ភថា សមាជិកសំងំលាក់ខ្លួន IS អាចបើកការវាយប្រហារឡើងវិញ នៅពេលដែលប្រទេសនេះកំពុងព្យាយាមស្តារស្ថិរភាព និងទាក់ទាញការវិនិយោគបរទេស បន្ទាប់ពីមានជម្លោះអូសបន្លាយរយៈពេលជាច្រើនឆ្នាំ៕

ប្រភព Xinhua  ចុះផ្សាយថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ (បង្ក្រាប)

LEAVE A REPLY

Please enter your comment!
Please enter your name here