Saturday, July 25, 2026

កងទ័ពសូម៉ាលីសម្លាប់ពួកអាល់ស្ហាបាប១៨នាក់នៅតំបន់កណ្តាល 

0

ប្រទេសសូម៉ាលី៖ កងទ័ពជាតិសូម៉ាលីដែលគាំទ្រដោយដៃគូអន្តរជាតិបានសម្លាប់ពួកអាល់ ស្ហាបាប១៨នាក់ និងបង្ករបួសស្នាមដល់មនុស្ស២១នាក់ផ្សេងទៀតក្នុងការវាយប្រហារតាអាកាសដែលមានការចូលរួមពីអង្គភាពផ្សេងៗលើទីតាំងលាក់ខ្លួនរបស់ពួកសកម្មប្រយុទ្ធនៅកណ្តាលតំបន់ហ៊ីរ៉ាន (Hiran) ភាគកណ្តាលប្រទេសសូម៉ាលី។

សេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅល្ងាចថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងការពារជាតិបាននិយាយថា ការវាយប្រហារនៅក្បែរតំបន់ស៊ូឡៃ (Suullay) ក៏បានបំផ្លាញរថយន្តកែច្នៃសម្រាប់បំពាក់អាវុធ និងកម្ទេចទីតាំងការពារដែលប្រើប្រាស់ដោយពួកអាល់ស្ហាបាបក្នុងអំឡុងប្រតិបត្តិការនៅថ្ងៃអង្គារ។

ក្រសួងបាននិយាយថា ក្រសួងការពារជាតិ និងបញ្ជាការកងកម្លាំងប្រដាប់អាវុធជាតិសូម៉ាលីបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងប្រតិបត្តិការដែលផ្តោតលើទីតាំងពួកអាល់ស្ហាបាប ក្នុងពេលដែលបន្តផ្តល់អាទិភាពដល់ការការពារជនស៊ីវិល និងការរក្សាសន្តិភាព ស្ថិរភាពនៅទូទាំងប្រទេស។

ក្រសួងក៏បានគូសបញ្ជាក់ពីការគាំទ្រជាបន្តបន្ទាប់រស់ដៃគូអន្តរជាតិក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកម្ចាត់ពួកអាល់ស្ហាបាប និងបង្កើនសន្តិសុខនៅទូទាំងប្រទេសសូម៉ាលី។ ពួកអាល់ស្ហាបាបមិនទាន់ធ្វើសេចក្តីអត្ថាធិប្បាយអំពីប្រតិបត្តិការរួមគ្នាចុងក្រោយក្នុងតំបន់នេះនៅឡើយទេ៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៤ ខែកក្កដា​ ឆ្នាំ២០២៦

 

LEAVE A REPLY

Please enter your comment!
Please enter your name here