Wednesday, July 29, 2026

NIA ចោទប្រកាន់វេជ្ជបណ្ឌិតម្នាក់និងដៃគូ២នាក់ទៀតពីបទរៀបគម្រោងភេរវកម្មជីវសាស្ត្រ

0

ភ្នាក់ងារស៊ើបអង្កេតជាតិដែលហៅកាត់ថា (NIA) បានប្តឹងទៅលើមនុស្ស៣នាក់ ក្នុងនោះមានវេជ្ជបណ្ឌិតម្នាក់ពាក់ព័ន្ធនឹងការរួមគំនិតជាមួយក្រុមដែលមានទំនាក់ទំនងជាមួយពួក ISIS ដើម្បីអនុវត្តការបំពុលដ៏ធំមួយនៅទីសាធារណៈដោយប្រើប្រាស់សារធាតុពុលសរីរាង្គ។

ជនជាប់ចោទជាវេជ្ជបណ្ឌិត ឈ្មោះ សៃ អាមិដ មូហ៊ីឌីន (Syed Ahmed Mohiuddin) ដែលមានមូលដ្ឋាននៅទីក្រុងអ៊ីដឺរ៉ាបាដ (Hyderabad) និងជនជាប់ចោទ២នាក់ទៀត ឈ្មោះ អាហ្សាដ (Azad) និង មូហាម៉ាដ សូហេល (Mohammad Suhel) មកពីរដ្ឋអ៊ូតា ប្រាដែស្ហ (Uttar Pradesh) ត្រូវបានចោទប្រកាន់នៅចំពោះមុខតុលាការ NIA ពិសេសក្នុងទីក្រុងអាមេដាបាដ (Ahmedabad) នៃរដ្ឋហ្គូចារ៉ាត​ (Gujarat)។

ក្រោមការណែនាំរបស់អ្នកគ្រប់គ្រងនៅបរទេសដែលមានទំនាក់ទំនងជាមួយពួករដ្ឋអ៊ីស្លាម ជនជាប់ចោទ​បានធ្វើ​ប្រតិបត្តិការតាមរបៀបដែលត្រូវបានគេរៀបចំ​ដើម្បី​ជ្រើសរើស​យុវជន​ដែល​ងាយ​រងគ្រោះដែល​បណ្តុះគំនិតជ្រុលនិយមដោយអ្នកគ្រប់គ្រងបរទេសដើម្បីគាំទ្រដល់ពួកជីហាដ (jihad) និងផ្សព្វផ្សាយភេរវកម្ម​តាម​រយៈ​អាវុធ​ហាមឃាត់ និង​ភេរវកម្មជីវសាស្ត្រ។

ពួកគេបានគ្រោងនឹងប្រើប្រាស់ រ៉ីស៊ីន (ricin) ដើម្បីអនុវត្តរបៀបវារៈដ៏អាក្រក់របស់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS។ រ៉ីស៊ីន គឺជាសារធាតុពុលខ្លាំងដែលមានប្រភពមកពីគ្រាប់ល្ហុងខ្ញែឬល្ហុងប្រេង ហើយត្រូវបានគេចាត់ថ្នាក់ក្នុងបញ្ជីទី១នៃអនុសញ្ញាអាវុធគីមី។

ករណីនេះត្រូវបានដាក់ពាក្យបណ្តឹងដោយក្រុមប្រឆាំងភេរវកម្មរដ្ឋហ្គូចារ៉ាត Gujarat (ATS) បន្ទាប់ពីការចាប់ខ្លួនវេជ្ជបណ្ឌិត មូហ៊ីឌីន ដែលបានបញ្ចប់បរិញ្ញាបត្រវេជ្ជសាស្ត្រនិងបរិញ្ញាបត្រផ្នែកវះកាត់ពីប្រទេសចិន។ វេជ្ជបណ្ឌិតរូបនេះត្រូវបានចាប់ខ្លួននៅចំណតរថយន្តបង់ប្រាក់ ដោយគេរកឃើញថាក្នុងរថយន្តរបស់គាត់មានអាវុធខុសច្បាប់ ដបមួយដែលមានប្រេងល្ហុងខ្ញែឬល្ហុងប្រេងចំនួន៤លីត្រ និងវត្ថុតាងផ្សេងទៀតកាលពីខែវិច្ឆិកា ឆ្នាំ២០២៥។ ការស៊ើបអង្កេតដោយ ATS បានឈានទៅដល់ការចាប់ខ្លួនជនជាប់ចោទ២នាក់ទៀតនៅថ្ងៃដដែល៕

ប្រភព newsonair.gov ចុះផ្សាយឡើងវិញថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦

 

LEAVE A REPLY

Please enter your comment!
Please enter your name here