Friday, July 31, 2026

កងទ័ពប៉ាគីស្ថានសម្លាប់ពួកសកម្មប្រយុទ្ធ ៣២នាក់ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្ម

0

ប្រទេសប៉ាគីស្ថាន៖ យោធាប៉ាគីស្ថានបានឲ្យដឹងនៅថ្ងៃពុធ ទី២៩ ថា កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ពួកសកម្មប្រយុទ្ធចំនួន ៣២នាក់ អំឡុងពេលប្រតិបត្តិការដែលផ្អែកលើរបាយការណ៍ស៊ើបការសម្ងាត់នៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន និងភាគនិរតីខេត្តប៉ាឡូជីស្ថានក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ។

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា នៅខេត្តខាយប័រ ផាកថុនវ៉ា ពួកសកម្មប្រយុទ្ធចំនួន ២៤នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការបោសសម្អាត និងប្រតិបត្តិការកំណត់គោលដៅជាច្រើន ដែលផ្អែកលើរបាយការណ៍ស៊ើបការសម្ងាត់ ហើយប្រតិបត្តិការនេះធ្វើឡើងពេញមួយយប់ដោយកងកម្លាំងសន្តិសុខនៅស្រុកខាយប័រ។

ដោយឡែក នៅក្នុងប្រតិបត្តិការដែលផ្អែកលើការស៊ើបអង្កេតផ្សេងមួយទៀតនៅស្រុកណាស្ហគី(Nushki) ភាគនិរតីនៃខេត្តប៉ាឡូជីស្ថាន កងកម្លាំងសន្តិសុខបានសម្លាប់ពួកសកម្មប្រយុទ្ធចំនួន ៨នាក់ទៀត បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងជាមួយពួកសកម្មប្រយុទ្ធ។ ខាងយោធាបានបញ្ជាក់ថា អាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះកែច្នៃ ត្រូវបានរឹបអូស និងបំផ្លាញចោលអំឡុងពេលប្រតិបត្តិការទាំងនោះផងដែរ៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦(ភេរវកម្មបង្ក្រាប)

 

LEAVE A REPLY

Please enter your comment!
Please enter your name here