ហ្វីលីពីន៖ សហរដ្ឋអាមេរិកនឹងផ្តល់ថវិការ ៥០១.៤២៦ដុល្លារសម្រាប់សាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលប្រឆាំងភេរវកម្មមួយសម្រាប់កងកម្លាំងអនុវត្តច្បាប់ហ្វីលីពីន នៅក្នុងទីក្រុងប៉ាហ្គាឌៀន(Pagadian) ក្រោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ជាមួយរដ្ឋបាលខេត្ត ហ្សាមបូអានហ្កា ដែល សួ (Zamboanga del Sur)។
គម្រោងនេះត្រូវបានផ្តល់ហិរញ្ញប្បទានតាមរយៈកម្មវិធីជំនួយប្រឆាំងភេរវកម្ម (ATA) របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ហើយនឹងសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលអចិន្ត្រៃយ៍សម្រាប់ប៉ូលិសជាតិហ្វីលីពីន ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលឯកទេសប្រឆាំងភេរវកម្ម។ លោក ដាន្យែល អាត (Daniel Art) ដែលជាមន្ត្រីសន្តិសុខជាន់ខ្ពស់ប្រចាំតំបន់នៃស្ថានទូត
អាមេរិកប្រចាំទីក្រុងម៉ានីឡា(Manila) បានថ្លែងថា “ការវិនិយោគនៅក្នុងទីក្រុងប៉ាហ្គាឌៀន (Pagadian) នេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់យើងចំពោះប៉ូលិសជាតិហ្វីលីពីន និងការជឿជាក់របស់យើងថា ប៉ូលិសដែលមានសមត្ថភាព និងសុវត្ថិភាពកាន់តែប្រសើរ នឹងធ្វើឲ្យប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិកកាន់តែមានសុវត្ថិភាព ហើយសម្ព័ន្ធភាពវាងប្រទេសទាំងពីរកាន់តែរឹងមាំជាងមុន” ។
ស្ថានទូតសហរដ្ខអាមេរិកបានឲ្យដឹងថា កម្មវិធីជំនួយប្រឆាំងភេរវកម្ម (ATA) បានបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ហ្វីលីពីន ជាង ១០.០០០ នាក់ចាប់តាំងពី ឆ្នាំ២០០៦ លើជំនាញស៊ើបអង្កេតបទល្មើសភេរវកម្ម ការឆ្លើយតបចំពោះការគំរាមកំហែង និងការកាត់បន្ថយហានិភ័យពីភេរវកម្ម។ គួរំលឹកផងដែរថា កម្មវិធីជំនួយប្រឆាំងភេរវកម្មនេះត្រូវបានគេរំពឹងថានឹងបណ្តុះបណ្តាលមន្ត្រីប៉ូលិស និងបុគ្គលិកអនុវត្តច្បាប់ផ្សេងទៀតប្រហែល ២.០០០នាក់ក្នុងមួយឆ្នាំ៕
ប្រភព tribune ចុះផ្សាយឡើងវិញថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ (ភេរវកម្មបង្រ្កាប)










