អ៊ីស្រាអែល៖ កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃសៅរ៍ ទី០១ ថា ពួកគេបានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធហេបូឡាជាច្រើននាក់ ក្នុងប្រតិបត្តិការមួយដែលធ្វើឡើងពេញមួយយប់នៅភាគខាងត្បូងប្រទេសលីបង់។
នៅក្នុងសេចក្តីថ្លែងការណ៍ កងកម្លាំងការពារជាតិអ៊ីស្រាអែលបានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅក្នុងតំបន់អាលី អាល ថាហឺរ រ៊ីច (Ali al-Taher Ridge) ស្ថិតនៅក្នុងតំបន់សន្តិសុខដែលកងទ័ពអ៊ីស្រាអែលកំពុងគ្រប់គ្រងនៅភាគខាងត្បូងប្រទេសលីបង់។ ទោះជាយ៉ាងណា IDF មិនបានបញ្ជាក់ពីចំនួនសមាជិកក្រុមសកម្មប្រយុទ្ធហេបូឡាដែលត្រូវបានសម្លាប់នោះទេ។
IDF បានបន្តថា កងទ័ពអ៊ីស្រាអែលបានប្រទះឃើញសមាជិកហេសបូឡាជាច្រើននាក់ ហើយបានវាយប្រហារលើពួកគេដើម្បីបំបាត់ការគំរាមកំហែងដែលពួកគេអាចបង្កឡើង។ កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) ក៏បានបញ្ជាក់ផងដែរថា មន្រ្តីយោធារបស់ខ្លួនម្នាក់បានរងរបួសមធ្យមក្នុងអំឡុងពេលប្រតិបត្តិការនេះ និងត្រូវបានបញ្ជូនទៅទទួលការព្យាបាលនៅមន្ទីពេទ្យ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា “កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) នឹងបន្តប្រតិបត្តិការដើម្បីលុបបំបាត់រាល់ការគំរាមកំហែងចំពោះកងទ័ពរបស់ខ្លួន ហើយនឹងមិនអនុញ្ញាតឲ្យក្រុមសកម្មប្រយុទ្ធហេបូឡាបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលអ៊ីស្រាអែលឡើយ”៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦(ភេរវកម្មបង្ក្រាប)










