ប្រទេសប៉ាគីស្ថាន៖ មេបញ្ជាការជាន់ខ្ពស់ក្រុមភេរវករ ឡេសការ អ៊ី តៃបា ហៅកាត់ថា (LeT) ដែលមានមូលដ្ឋាននៅប្រទេសប៉ាគីស្ថានបានអះអាងនៅក្នុងវីដែអូថា មានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណម្នាក់បានសម្លាប់សមាជិករបស់ខ្លួនប្រហែល ៣០នាក់នៅក្នុងប្រទេសប៉ាគីស្ថាន។ វីដេអូមួយដែលបង្ហាញពីលោក រ៉ីហ្សវ៉ាន ហានីហ្វ (Rizwan Hanif) ដែលត្រូវបានគេរាយការណ៍ថាមានជាប់ពាក់ព័ន្ធនឹងក្រុមភេរវករ ឡេសការ អ៊ី តៃបា (Lashkar-e-Taiba) បានលេចឡើងនៅលើបណ្តាញសង្គម ដែលប៉ាគីស្ថានអះអាងថា ក្រុមនេះត្រូវបានហាមឃាត់ និងរំសាយជាយូរមកហើយ។
នៅក្នុងវីដេអូ លោកបានអះអាងថាអស់រយៈពេល ៣ ទៅ ៤ឆ្នាំកន្លងមក សមាជិកជាច្រើនរបស់អង្គការដែលត្រូវបានហាមឃាត់នេះ ត្រូវបានចោទថាជាអ្នកនៅពីក្រោយការវាយប្រហារនៅទីក្រុងមុំបាយ (Mumbai) កាលពីឆ្នាំ២០០៨ ហើយបានសម្លាប់មនុស្ស ១៦៦នាក់នោះ ត្រូវបានសម្លាប់នៅតំបន់ផ្សេងៗក្នុងប្រទេសប៉ាគីស្ថាន និងនៅតំបន់ចាមូ និងតំបន់កាស្មៀរ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប៉ាគីស្ថាន។ លោកអះអាងថា សមាជិកក្រុមភេរវករ ឡេសការ អ៊ី តៃបា ជាង ៣០នាក់ត្រូវបានសម្លាប់ដោយក្រុមប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណនៅក្នុងស្រុកផេស្ហាវ៉ា(Peshawar) ក្រុងការ៉ាជី(Karachi) ក្រុងរ៉ាវ៉ាលផីនឌី (Rawalpindi) ក្រុមរ៉ាឡាកុត (Rawalakot) និងទីក្រុងមុហ្សាហ្វារ៉ាបាដ (Muzaffarabad)។
នេះគឺជាលើកដំបូងដែលសមាជិកម្នាក់ពាក់ព័ន្ធនឹងក្រុមឡេសការ អ៊ី តៃបា (Lashkar-e-Taiba) ដែលត្រូវបានដាក់ទណ្ឌកម្មដោយអង្គការសហប្រជាជាតិ(UN) កាលពីឆ្នាំ២០០៥ ដោយសារមានការជាប់ពាក់ព័ន្ធជាមួយក្រុមអាល់ កៃដា (Al-Qaeda) និងក្រុមតាលីបង់ (Taliban) បានចេញមុខទទួលស្គាល់ជាសាធារណៈចំពោះការសម្លាប់ទាំងនេះ។ ភ្នាក់ងារសន្តិសុខរបស់ឥណ្ឌាបានបញ្ជាក់ពីភាពពិតប្រាកដនៃវីដេអូនេះ ដោយបានបញ្ជាក់ថា បុរសដែលបង្ហាញនៅក្នុងវីដេអូគឺជាសមាជិកជាន់ខ្ពស់របស់ក្រុមឡេសការ (Lashkar) ដែលប្រទេសឥណ្ឌាតាមចាប់ខ្លួន។ លោក ហានីហ្វ (Hanif) បានអះអាងថា ភ្នាក់ងាររបស់ឥណ្ឌាជាអ្នករៀបចំការសម្លាប់ដោយកំណត់គោលដៅទាំងនេះ។ ទោះជាយ៉ាងណា ប្រទេសឥណ្ឌាបានបដិសេធការចោទប្រកាន់នេះ។ នៅក្នុងវីដេអូនោះ គេបានឮ លោក រ៉ីហ្សវ៉ាន ហានីហ្វ ប្រើប្រាស់ភាសាដែលប្រមាថ និងពោរពេញដោយការស្អប់ខ្ពើមប្រឆាំងនឹងសាសនាហិណ្ឌូ។ ករណីនេះក៏បង្ហាញផងដែរថា អង្គការភេរវកម្មអាចកេងចំណេញពីមនោសញ្ចេតនាសាសនា ដើម្បីផ្សព្វផ្សាយការស្អប់ខ្ពើម និងជំរុញប្រជាជនទៅរកភាពជ្រុលនិយម៕
ប្រភព ndtv ចុះផ្សាយថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦










