មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស លោក ហ្កាហ្ស៊ី ហាម៉ាដ បានបដិសេធថា ក្រុមនេះមិនបាន កំណត់គោលដៅវាយប្រហារលើជនស៊ីវិល និងក្មេងៗ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងការវាយប្រហាររបស់ពួកគេទៅលើអ៊ីស្រាអែលនោះទេ។ លោកបានធ្វើការអះអាងនេះ ទោះបីជាមានភស្ដុតាងជាច្រើនដែលបានថតដោយសមាជិកក្រុមហាម៉ាស់ផ្តាល់អំឡុងពេលវាយប្រហារ ហើយក្រុមហាម៉ាសក៏បានឃុំខ្លួនជនស៊ីវិលដែលពួកគេបានចាប់ខ្លួនជាចំណាប់ខ្មាំងនៅតំបន់ហ្កាហ្សា អស់រយៈពេលជាច្រើនឆ្នាំបន្ទាប់ពីការវាយប្រហារនោះផងដែរ។
ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី “ផៀរ ម័រហ្កាន អាន់សេនស័រ” (“Piers Morgan Uncensored” )លោក ហាមាដ បានអះអាងថា “ក្រុមហាម៉ាសមិនដែលប្រព្រឹត្តបទឧក្រិដ្ឋទៀតទេ ហើយយើងក៏មិនដែលសម្លាប់ជនស៊ីវិលដែរ”។ នៅពេលពិធីករ ម័រហ្កាន បានចោទសួរអំពីជនស៊ីវិលរាប់រយនាក់ដែលពួកភេរវករហាម៉ាសបានសម្លាប់នៅ ក្នុងកម្មវិធីតន្ត្រីណូវ៉ា (Nova) និងក្នុងការវាយប្រហារតាមផ្ទះនៅទូទាំងតំបន់ជាប់ព្រំដែនហ្កាហ្សា លោក ហាមាដ បានឆ្លើយថា “ប្រហែលជាមានកំហុសខ្លះបានកើតឡើង”។
លោក ម័រហ្កាន ក៏បានសួរអំពីការចាប់ទារកវ័យ៩ខែ ឃេហ្វៀ ប៊ីបាស(Kfir Bibas) ជាចំណាប់ខ្មាំង ដែលត្រូវបានចាប់រួមជាមួយនឹងបងប្រុសវ័យ៤ឆ្នាំ អារៀល (Ariel) និងម្តាយស្ហីរ៉ី (Shiri)។ តាមការអះអាងរបស់អ៊ីស្រាអែល អ្នកទាំងបីបានស្លាប់អំឡុងពេលឃុំខ្លួន ខណៈឪពុករបស់ពួកគេក៏ត្រូវបានចាប់ជាចំណាប់ខ្មាំងដែរ។ ជាការឆ្លើយតប លោក ហាម៉ាដ បាននិយាយថា នៅពេលចាប់ផ្តើមសង្គ្រាម ក្រុមហាម៉ាស់ “បានស្នើឱ្យដោះលែងជនស៊ីវិលទាំងអស់ ប៉ុន្តែអ៊ីស្រាអែលបានបដិសេធ” ។
ទោះជាយ៉ាងណា អ៊ីស្រាអែលបានទាមទារជាបន្តបន្ទាប់ឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ដោយគ្មានលក្ខខណ្ឌ ប៉ុន្តែក្រុមហាម៉ាសបានទាមទារឱ្យដោះលែងអ្នកទោសដែលត្រូវបានកាត់ទោសពីបទភេរវកម្មរាប់ពាន់នាក់ និងបញ្ចប់សង្រ្គាម ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង។ ក្រោយការវាយប្រហារថ្ងៃទី៧ ខែតុលា លោក Hamad ក៏ធ្លាប់បាននិយាយផងដែរថា ការវាយប្រហារនោះ «គ្រាន់តែជាលើកទីមួយ ហើយនឹងមានលើកទីពីរ ទីបី និងទីបួនទៀត» ។ លោក ម័រហ្កាន ក៏បានសួរ លោក ហាមាដ ថា ហេតុអ្វីបានជាក្រុមហាម៉ាស់បាញ់សម្លាប់មនុស្សរាប់រយនាក់នៅក្នុងកម្មវិធីតន្រី្តមួយ ប្រសិនបើក្រុមហាម៉ាសមិនបានកំណត់គោលដៅលើស៊ីវិលនោះ។ លោក ហាមាដ បានឆ្លើយថា “នោះមិនមែនជាផែនការទេ។”
បន្ទាប់មក លោក ហាមាដ បានលើកឡើងពីរបាយការណ៍របស់សារព័ត៌មានហារ៉េតហ្ស (Haaretz) ដែលបានដកស្រង់ប្រភពពីប៉ូលិសមិនបញ្ចេញឈ្មោះមួយ ដោយអះអាងថា ឧទ្ធម្ភាគចក្រយោធាអ៊ីស្រាអែល «ប្រហែលជាបានបង្កគ្រោះថ្នាក់ដល់អ្នកចូលរួមពិធីខ្លះ» នៅទីនោះ។ ទោះជាយ៉ាងណា មនុស្សជាង ៣០០ នាក់ត្រូវបានបាញ់សម្លាប់ដោយសមាជិកហាម៉ាស និងក្រុមប្រដាប់អាវុធសម្ព័ន្ធមិត្ត ហើយក៏មានសេចក្តីរាយការណ៍អំពីអំពើហិង្សាផ្លូវភេទផងដែរ។ នៅពេលសួរអំពីកិច្ចព្រមព្រៀងដកអាវុធដែលស្នើឡើងដោយ Board of Peace លោក Hamad បាននិយាយថា ហាម៉ាសយល់ព្រមដោយសារស្ថានភាពលំបាកនៅតំបន់ហ្គាហ្សា ប៉ុន្តែបានបញ្ជាក់ថា «ផ្នត់គំនិត» របស់ក្រុមមិនបានផ្លាស់ប្តូរទេ ហើយលោកក៏បានជជែកតវ៉ាជាមួយលោក Morgan នៅពេលដែលពិធីករអះអាងថា អ៊ីស្រាអែលមិនគួរត្រូវបានបំផ្លាញឡើយ ៕
ប្រភព timesofisrael ចុះផ្សាយថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦










