ប្រទេសកាមេរូន៖ កងទ័ពកាមេរូនបានប្រកាសកាលពីថ្ងៃពុធ ទី០៥ ខែសីហា ថា ពួកគេបានសម្លាប់ភេរវករ ៥នាក់នៅភាគនិរតីនៃប្រទេស។ អ្នកនាំពាក្យកងទ័ព លោក ស៊ីរីល សឺជ អេថូនហ្វេក ហ្កេមូ (Cyrille Serge Atonfack Guemo) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយឆ្មក់បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែកក្កដា នៅក្នុងភូមិបាថានហ្កា(Batanga) និងភូមិអាសាកា(Asaka) ស្ថិតក្នុងស្រុកអាកវ៉ាយ៉ា (Akwaya) ជិតព្រំដែនប្រទេសនីហ្សេរីយ៉ា។
លោក ហ្កេមូ បានបញ្ជាក់ថា គោលបំណងនៃប្រតិបត្តិការវាយឆ្មក់នេះ គឺដើម្បីបង្ក្រាបក្រុមភេរវករដ៏គ្រោះថ្នាក់ ដែលត្រូវបានចោទប្រកាន់ថា កំពុងរៀបចំផែនការវាយប្រហារនៅក្នុងតំបន់ រួមមានទាំងការកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងអចិន្ត្រៃយ៍ផងដែរ។ លោកបានបន្ថែមថា អាវុធជាច្រើនដើមត្រូវបានរឹបអូសអំឡុងពេលប្រតិបត្តិការនោះផងដែរ។
អ្នកនាំពាក្យកងទ័ពមិនបានបញ្ជាក់ថា ក្រុមណាមួយមានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការនេះឡើយ។ ទោះជាយ៉ាងណា ក្រុមប្រយុទ្ធបំបែកខ្លួនដែលស្វែងរកឯករាជ្យសម្រាប់តំបន់និយាយភាសាអង់គ្លេសរបស់ប្រទេសកាមេរូន ត្រូវបានគេដឹងថា បានធ្វើសកម្មភាពនៅក្នុងតំបន់នោះ។ លោក ហ្កេមូ ក៏បានបដិសេធចំពោះរបាយការណ៍ដែលអះអាងថា មានជនស៊ីវិលស្លាប់ ដោយហៅរបាយការណ៍ព័ត៌មានទាំងនោះថាជា“ព័ត៌មានបំភ្លៃការពិត” ដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញឃោសនា ដើម្បីបំផ្លាញទឹកចិត្តកងទ័ព។ លោកបាបញ្ជាក់ថា ប្រតិបត្តិការសន្តិសុខនានានៅតែបន្តនៅទូតាំងតំបន់ ដើម្បីកម្ចាត់ក្រុមប្រដាប់អាវុធដែលនៅសេសសល់ និងធានាសុវត្ថិភាពជូនជនស៊ីវិល៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ (ភេរវកម្មបង្ក្រាប)










