ប្រទេសអារ៉ាប៊ីសាអូឌីត៖ សម្ព័ន្ធយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅប្រទេសយ៉េមែនបានឲ្យដឹងកាលពីថ្ងៃសុក្រ ទី០៧ នេះថា ជនស៊ីវិល ១១នាក់រងរបួសក្នុងការវាយប្រហាររបស់ក្រុមហ៊ូធីលើក្រុងណាច្រានរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។
អ្នកនាំពាក្យសម្ព័ន្ធយោធា លោក ថួគី អាល ម៉ាលគី (Turki Al-Malki) បានសរសេរនៅលើបណ្តាញសង្គមអ៊ីក្ស ថា ការវាយប្រហារដែលបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី០៦ បានបណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតរងរបួស ៧នាក់ ក្នុងចំណោមអ្នករងរបួសមានស្ត្រីម្នាក់ និងកុមារអាយុ ៤ឆ្នាំម្នាក់ ដែលរងរបួសរលាកមធ្យម។ ក្រៅពីនេះ ក៏មានជនជាតិយេម៉ែនម្នាក់ ជនជាតិអេហ្ស៊ីប ២នាក់ និងជនជាតិប៉ាគីស្ថានម្នាក់រងបួសផងដែរ។
លោក អាល ម៉ាលគី បានអះអាងថា ក្រុមហ៊ូធីបានវាយប្រហារដោយបាញ់គ្រាប់ផ្លោងសំដៅលើជនស៊ីវិលដោយគ្មានរើសមុខ ដែលលោកបានចាត់ទុកទង្វើនេះថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ។ លោកបានបន្ថែមថា សម្ព័ន្ធយោធានឹងបន្តចាត់វិធានការការពារប្រឆាំងនឹងការវាយប្រហារបែបនេះដើម្បីធានាដល់កិច្ចការពារប្រជាពលរដ្ឋ។
សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមហ៊ូធីបានអះអាងថា ខ្លួនបានបើកវាយប្រហារជាច្រើនលើគោលដៅនៅអារ៉ាប៊ីសាអូឌីត ដោយនិយាយថា ពួកគេវាយប្រហារដើម្បីឆ្លើយតបទៅនឹងអ្វីដែលក្រុមហ៊ូធីចាត់ទុកថា កងកម្លាំងអារ៉ាប៊ីសាអូឌីតបានបិទខ្ទប់តំបន់ដែលស្ថិតក្រោមការគ្រប់គ្រង់របស់ក្រុមហ៊ូធី៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ (ភេរវកម្មវាយប្រហារ)










