ប្រទេសកូវ៉ែត៖ ក្រសួងមហាផ្ទៃបានឲ្យដឹងកាលពីថ្ងៃពុធ ទី១២ ខែសីហា ថា អាជ្ញាធរសន្តិសុខកូវ៉ែតបានបង្ក្រាប “ផែនការភេរវកម្ម” ដែលមានគោលដៅវាយប្រហារលើអាគារសំខាន់មួយកន្លែងនៅក្នុងប្រទេស និងបានចាប់ខ្លួនពលរដ្ឋកូវ៉ែតម្នាក់ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS)។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ដែលផ្សាយដោយភ្នាក់ងារសារព័ត៌មានកូវ៉ែតថា សេវាកម្មសន្តិសុខរដ្ឋបានរកឃើញផែនការវាយប្រហារនេះ បន្ទាប់ពីធ្វើការតាមដាន និងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់។ ការស៊ើបអង្កេតបានរកឃើញថា ជនសង្ស័យបានទទួលការបណ្តុះបណ្តាលពីវិធីផលិតគ្រឿងផ្ទុះ និងដ្រូន ហើយបានផលិតដ្រូនមួយគ្រឿង ដែលគាត់មានបំណងប្រើប្រាស់ដើម្បីវាយប្រហារលើអាគារមួយកន្លែង។ ទោះជាយ៉ាងណា ក្រសួងមិនបានបញ្ជាក់ថា អាគារណាជាគោលដៅនោះទេ។
ជនសង្ស័យត្រូវបានចាប់ខ្លួនមុនពេលធ្វើសកម្មភាពវាយប្រហារ ហើយត្រូវបានបញ្ជូនទៅកាន់អាជ្ញាធរពាក់ព័ន្ធ ដើម្បីបន្តការស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់។ ការប្រកាសនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីអាជ្ញាធរកូវ៉ែតបានឲ្យដឹងថា ពួកគេបានចាប់ខ្លួនអនិតិជន ២នាក់ដែលត្រូវបានចោទប្រកាន់ពីបទមានទំនាក់ទំនងជាមួយសមាជិករបស់ក្រុម IS និងទទួលការបណ្តុះបណ្តាលពីវិធីផលិតគ្រាប់បែកដែលជាផ្នែកមួយនៃផែនការវាយប្រហារ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦










