ប្រទេសប៉ាគីស្ថាន៖ ភេរវករ ១៨នាក់ និងជនស៊ីវិល ៣នាក់ ត្រូវបានសម្លាប់ក្នុងហេតុការណ៍ពីរផ្សេងគ្នា នៅខេត្តប៉ាឡូជីស្ថាន ភាគនិរតីប្រទេសប៉ាគីស្ថាន នេះបើតាមយោធាប៉ាគីស្ថានបានឲ្យដឹងកាលពីថ្ងៃពុធ ទី១២ ខែសីហានេះ។ អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាអង្គភាពផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា នៅក្នុងហេតុការណ៍ទីមួយ គ្រឿងផ្ទុះកែឆ្នៃដែលបង្កប់ក្នុងរថយន្តមួយគ្រឿងបានផ្ទុះមុនពេលវេលាកំណត់ ខណៈដែលក្រុមភេរវករកំពុងរៀបចំវានៅក្នុងស្រុកសូរ៉ាប (Surab)។ ការផ្ទុះបានបណ្ដាលឲ្យភេរវករ ៨នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។
ការផ្ទុះដំបូងនោះ បង្ករឲ្យគ្រឿងផ្ទុះផ្សេងទៀតដែលរក្សាទុកនៅទីតាំងនោះផ្ទុះជាបន្តបន្ទាប់ បានបណ្តាលឲ្យជនស៊ីវិល ៣នាក់ស្លាប់ផងដែរ ។ បន្ទាប់ពីហេតុការណ៍នេះ កងកម្លាំងសន្តិសុខ និងប៉ូលិសខេត្តបាឡូជីស្ថាន បានបើកប្រតិបត្តិការបោសសម្អាតរួមគ្នាមួយនៅក្នុងតំបន់ ដែលក្នុងប្រតិបត្តិការនោះកងកម្លាំងបានរកឃើញ និងប៉ះទង្គិចជាមួយក្រុមភេរវករដែលកំពុងព្យាយាមបានរត់គេចខ្លួន ហើយបានសម្លាប់ភេរវករ១០នាក់បន្ថែមទៀត។ប្រភពយោធាបានបន្ថែមទៀតថា មានទាហាន ២នាក់បានរងរបួសអំឡុងពេលបាញ់ប្រហារគ្នា និងចំនួនសរុបភេរវករដែលស្លាប់មាន ១៨នាក់ នៅក្នុងហេតុការណ៍ទាំងពីរ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦










