កងទ័ពការពារជាតិអ៊ីស្រាអែល (IDF) បានចាប់ខ្លួនភេរវករ ២នាក់ និងបានវាយឆ្មក់ចូលផ្ទះជាង ១០០ខ្នង នៅក្បែរទីក្រុងជេនីន (Jenin) ក្នុងតំបន់វ៉េសបេង អំឡុងពេលប្រតិបត្តិការមួយកាលពីថ្ងៃចន្ទ ទី១៧ ខែសីហា នេះបើយោងតាមការបញ្ជាក់របស់យោធា។ យោធាបានឱ្យដឹងថា កងកុម្ម៉ង់ដូប្រឆាំងភេរវកម្មសម្ងាត់ Duvdevan ដោយមានការណែនាំផ្នែកព័ត៌មានស៊ើបការណ៍ពី Shin Bet (ទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល) បានធ្វើប្រតិបត្តិការចាប់ខ្លួនភេរវករទាំងពីរនាក់ នៅតំបន់ Kabatiya ជិតទីក្រុង Jenin។ ខាងយោធាក៏បានបញ្ជាក់ទៀតថា ភេរវករទាំងពីរនាក់ត្រូវបានសង្ស័យថា បានរៀបផែនការ និងផែនការភេរវកម្ម ដើម្បីបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋអ៊ីស្រាអែល និងកងទ័ពការពារជាតិ អ៊ីស្រាអែល (IDF)។
ជាមួយគ្នានេះ ទីតាំងមិនតិចជាង ១០០កន្លែង ត្រូវបានវាយឆ្មក់ដោយកងទ័ពការពារជាតិអ៊ីស្រាអែលដែលមកពីកងពលប្រចាំតំបន់ មេណាស្ហី រ៊ីចិនណល (Menashe Regional) ហើយក្នុងអំឡុងពេលប្រតិបត្តិការ ក៏មានជនសង្ស័យបន្ថែមត្រូវបានចាប់ខ្លួន ឬនាំមកសាកសួរ។ ប្រតិបត្តិការនេះកើតឡើងប្រហែលមួយខែ បន្ទាប់ពីកាសែត The Jerusalem Post បានរាយការណ៍ថា IDF បានបង្កើនការដាក់ពង្រាយកងទ័ពនៅទូទាំងតំបន់ West Bank ដល់ ២៦កងវរសេនាតូច ដោយបន្ថែម ២កងវរសេនាតូចទៀត។ ការបង្កើនកម្លាំងនេះធ្វើឡើង ខណៈស្ថានការណ៍មានភាពតានតឹងកាន់តែខ្លាំង ដោយមានការវាយប្រហារដោយភេរវករប៉ាឡេស្ទីន និងការវាយប្រហារពាក់ព័ន្ធនឹងអ្នកតាំងទីលំនៅអ៊ីស្រាអែល ៕
ប្រភព jpost ចុះផ្សាយឡើងវិញថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦










