ប្រទេសប៉ាគីស្ថាន៖ យោធាប៉ាគីស្ថានបានឲ្យដឹងកាលពីថ្ងៃអង្គារ ទី០១ ខែកញ្ញាថា យ៉ាងហោចណាស់ក្រុមសកម្មប្រយុទ្ធ ២១នាក់ កងកម្លាំងសន្តិសុខ៦នាក់ និងមន្ត្រីគយម្នាក់ ត្រូវបានសម្លាប់ក្នុងហេតុការណ៍ដោយឡែកពីគ្នានៅខេត្តប៉ាឡូជីស្ថាន ភាគនិរតីប្រទេសប៉ាគីស្ថាន។ អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ហេតុការណ៍ទាំងនេះបានកើតឡើងនៅស្រុកឆាកៃ (Chagai) និងស្រុកផីស្ហ៊ីន(Pishin) នៅយប់ថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្លងចូលថ្ងៃអង្គារ ទី០១ ខែកញ្ញា។
នៅក្នុងហេតុការណ៍មួយ ក្រុមសកម្មប្រយុទ្ធបានព្យាយាម រំខានដល់ចរាចរណ៍តាមបណ្តោយផ្លូវ N-40 Quetta-Taftan ដោយបង្កើតប៉ុស្តិ៍ត្រួតពិនិត្យខុសច្បាប់ដើម្បីជំរិតទារប្រាក់។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថាកងកម្លាំងសន្តិសុខបានចូលអន្តរាគមន៍ និងបានសម្លាប់ក្រុមសកម្មប្រយុទ្ធ ១១នាក់ បន្ទាប់ពីមានការបាញ់ប្រហារគ្នាយ៉ាងខ្លាំងក្លា ខណៈដែលអាវុធជាច្រើនដើម គ្រាប់រំសេវ និងគ្រឿងផ្ទុះជាច្រើនត្រូវបានរឹបអូសផងដែរ។
នៅក្នុងហេតុការណ៍មួយផ្សេងទៀតដែលកើតឡើងពេលយប់ ក្រុមសកម្មប្រយុទ្ធបានបើកការវាយប្រហាររួមគ្នា ក្នុងគោលបំណងសម្រុកចូលអាគារគយនៅតំបន់ហ្សីរ៉ាត (Ziarat Cross) ក្នុងស្រុកផីស្ហ៊ីន(Pishin) ។ យោងតាមប្រភព ISPR បានឲ្យដឹងថា កងកម្លាំងសន្តិសុខបានឆ្លើយតបយ៉ាងមានប្រសិទ្ធភាព និងបានសម្លាប់ក្រុមសកម្មប្រយុទ្ធ ១០នាក់បន្ទាប់ពីមានការបាញ់ប្រហារគ្នាយ៉ាងខ្លាំងក្លា។ ខាងយោធាបាននិយាយថា ការវាយប្រហារលើអាគារគយនេះ គឺជាផ្នែកមួយនៃ “បណ្ដាញភ្ជាប់រវាងអំពើភេរវកម្ម និងឧក្រិដ្ឋកម្ម” ដែលមានគោលបំណងទប់ស្កាត់មន្ត្រីគយមិនឲ្យបំពេញភារកិច្ចស្របច្បាប់របស់ពួកគេ និងជួយសម្របសម្រួលដល់សកម្មភាពឧក្រិដ្ឋកម្មក្នុងតំបន់។ កងកម្លាំងសន្តិសុខ ៦នាក់ និងមន្ត្រីគយម្នាក់បានស្លាប់ក្នុងអំឡុងពេលបាញ់ប្រហារគ្នានោះ នេះបើតាមសេចក្តីថ្លែងការណ៍៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦










