ហ្កាហ្សា៖ ជនជាតិប៉ាឡេស្ទីន ៣នាក់ត្រូវបានសម្លាប់កាលពីថ្ងៃពុធ ទី០២ ខែកញ្ញា ដោយការបាញ់ប្រហាររបស់កងកម្លាំងអ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្ទ្រីប នេះបើតាមប្រភពព័ត៌មានប៉ាឡេស្ទីន។ ប្រភពព័ត៌មានក្នុងតំបន់ និងសាក្សីឃើញហេតុការណ៍ បាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានបើកការបាញ់ប្រហារទៅលើតង់ដែលជាជម្រករបស់ជនចំណាកស្រុកនៅក្នុងទីក្រុងចាបាលៀ (Jabalia) ភាគខាងជើងតំបន់ហ្កាហ្សា ខណៈដែលយន្តហោះដ្រូនរបស់អ៊ីស្រាអែលបានវាយប្រហារទៅលើជនជាតិប៉ាឡេស្ទីនមួយក្រុម នៅក្នុងជំរំជនភៀសខ្លួនចាបាលៀ។
មន្ទីពេទ្យអាល ស្ហីហ្វា (Al-Shifa ) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សាកសពជនជាតិប៉ាឡេស្ទីន ២នាក់ ក្នុងនោះមានក្មេងប្រុសអាយុ ១៦ឆ្នាំម្នាក់ត្រូវបានបញ្ជូនមកកាន់មន្ទីពេទ្យជាមួយនឹងអ្នករងរបួសជាច្រើននាក់ទៀត។ ដោយឡែកមន្ទីពេទ្យអាល អាកសា (Al-Aqsa) បានឲ្យដឹងថា ស្ត្រីជនជាតិប៉ាឡេស្ទីនម្នាក់បានស្លាប់ ដែលមិនអាចជួយសង្គ្រោះបាន បន្ទាប់ពីរងរបួសធ្ងន់ធ្ងរកាលពីថ្ងៃអង្គារ ដោយការបាញ់ប្រហាររបស់អ៊ីស្រាអែលនៅទីក្រុងឌឿ អាល បាឡាហ (Deir al-Balah) ភាគកណ្តាលហ្គាហ្សា។
ជាមួយគ្នានេះ កងកម្លាំងអ៊ីស្រាអែលបានរុះរើអគារជាច្រើននៅទូទាំងតំបន់វ៉េសបេង (West Bank) និងទីក្រុងយេរូសាឡឹមខាងកើត នៅព្រឹកថ្ងៃពុធ ទី០២ ខែកញ្ញា។ លោក រ៉ាប៊ី អាល ស្ហួរ៉ាហ្វា (Rabee’ al-Shurafa) អភិបាលក្រុងបៀថា (Beita) ដែលស្ថិតនៅភាគខាងត្បូងទីក្រុងណាប្លុស បាននិយាយថា អ្នកតាំងលំនៅជនជាតិអ៊ីស្រាអែលបានដុតរថយន្ត ៣គ្រឿង និងបានវាយប្រហារលើផ្ទះប្រជាជនប៉ាឡេស្ទីនជាច្រើនខ្នងនៅតំបន់ភាគខាងកើតរវាងទីក្រុងបៀថា និងទីក្រុងអូសារ៉ីន (Osarin)។ បើតាមអាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សាបានឲ្យដឹងថា ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមាននៅខែតុលា ឆ្នាំ២០២៥ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១.៣៣៤នាក់ និងអ្នករងរបួសកើនដល់ ៤.៤២៩នាក់។ អាជ្ញាធរបានបញ្ជាក់បន្ថែមថា ចំនួនអ្នកស្លាប់សរុបចាប់តាំងពីមានការផ្ទុះនៃជម្លោះនៅថ្ងៃទី០៧ ខែតុលាឆ្នាំ ២០២៣ បានកើនដល់ចំនួន ៧៣. ៤៧០នាក់ និង ១៧៤.៥៤០នាក់ផ្សេងទៀតបានរងរបួស៕
ប្រភព Xinhua បានចុះផ្សាយឡើងវិញថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦










