ប្រទេសកាមេរូន៖ មន្ត្រីម្នាក់បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ថា យ៉ាងហោចណាស់ជនស៊ីវិល ១៣នាក់ ត្រូវបានសម្លាប់ និងម្នាក់ទៀតរងរបួសក្នុងការវាយប្រហារមួយដែលកើតឡើងនៅពេលយប់ និងត្រូវបានចោទប្រកាន់ថា បង្កឡើងដោយសមាជិកក្រុមបូកូហារាំ នៅតំបន់ហ្វាណ័ស ប្រទេសកាមេរូន។ ការវាយប្រហារនេះបានកើតឡើងនៅចន្លោះម៉ោង១ រំលងអធ្រាត្រ ម៉ោងក្នុងតំបន់ កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ នៅក្នុងតំបន់ម៉ាដឺហ្គ័រ (Madegoua) ដែលជាតំបន់មួយនៅក្នុងស្រុកម៉ាការ៉ី (Makary) នៃតំបន់រដ្ឋបានឡូហ្គន អ៊ិន ឆាលី (Logone-et-Chari) ខណៈពេលដែលអ្នកស្រុកកំពុងដេកលក់។
មន្ត្រីរូបនេះដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា សមាជិកសកម្មប្រុយុទ្ធបានចូលលុកលុយក្នុងតំបន់នោះ ហើយបានសម្លាប់ជនស៊ីវិលទាំង ១៣នាក់នៅនឹងកន្លែង។ អ្នកនៅមានជីវិតតែម្នាក់គត់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យក្នុងតំបន់ ដើម្បីទទួលការព្យាបាល។ បើតាមអាជ្ញាធរមូលដ្ឋានបាននិយាយថា ការវាយប្រហារនេះត្រូវបានគេជឿថា ជាការសងសឹកបន្ទាប់ពីកងកម្លាំងសន្តិសុខបានរឹបអូសយកគ្រាប់រំសេវជាច្រើន ដែលមានគោលដៅបញ្ជូនទៅឲ្យក្រុមយុទ្ធជនបូកូហារាំ កាលពីប៉ុន្មានខែមុន។ ក្រុមភេរវករបូកូហារាំ បានធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងតំបន់ហ្វាណ័ស របស់ប្រទេសកាមេរូន បាប់តាំងពីឆ្នាំ ២០១៤ មក ដោយបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវិតមនុស្ស និងទ្រព្យសម្បត្តិនៅទូទាំងតំបន់៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦










