Microsoft បានជួសជុលបញ្ហាមួយក្នុង Microsoft Defender Antivirus ដែលធ្វើឱ្យ Windows បង្ហាញ ការព្រមានខុស ថា Antivirus ត្រូវបានបិទ។
បញ្ហានេះធ្វើឱ្យអ្នកប្រើប្រាស់ឃើញនូវការជូនដំណឹង ដូចជា “Virus protection is turned off” ទោះបីជា Defender Antivirus នៅតែដំណើរការក៏ដោយ។ Microsoft បានដោះស្រាយបញ្ហានេះតាមរយៈ Microsoft Defender Antivirus update version 4.18.26080.4។ ក្រុមហ៊ុនបានជួសជុលបញ្ហានេះនៅថ្ងៃទី17 ខែកញ្ញា 2026។ Microsoft បានទទួលស្គាល់បញ្ហានេះតាំងពី ចុងខែសីហា ប៉ុន្តែអ្នកប្រើប្រាស់ក្នុង Windows Insider Release Preview Channel បានរាយការណ៍អំពីបញ្ហានេះតាំងពីខែមិថុនា។

នេះគឺជា False Positive / False Alert មានន័យថា (ប្រព័ន្ធរាយការណ៍ថា Antivirus ត្រូវបានបិទ) ខុសពីការពិត។ វាមិនមែនជាការវាយប្រហារ Malware ឬមានន័យថា Defender ពិតជាឈប់ការពារកុំព្យូទ័រទេ។
នេះមិនមែនជាលើកទីមួយទេ ដែល Microsoft ត្រូវប្រាប់អ្នកប្រើប្រាស់ឱ្យមិនអើពើនឹង Error ឬ Alert ខុស ដែលកើតឡើងបន្ទាប់ពីដំឡើង Windows Updates។ បញ្ហាទាំងនេះបង្ហាញថា Windows Updates មួយចំនួនអាចបង្ក False Errors/Alerts ឬប៉ះពាល់ដល់មុខងារប្រព័ន្ធផ្សេងៗ ទោះបីជា Update មានគោលបំណងបង្កើនសុវត្ថិភាពក៏ដោយ។
ដូច្នេះ អ្នកប្រើប្រាស់គួរពិនិត្យព័ត៌មានពី Microsoft និង Windows Release Health នៅពេលជួប Error បន្ទាប់ពី Update មុននឹងសន្និដ្ឋានថា ប្រព័ន្ធពិតជាមានបញ្ហា ឬត្រូវបាន Malware វាយប្រហារ។
ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦










