ប្រទេសអ៊ីស្រាអែល៖ យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទ ទី១៩ ខែតុលា ថា ខ្លួនបានសម្លាប់មេបញ្ជាការក្រុមប្រដាប់អាវុធម្នាក់ និងសមាជិកក្រុមហាម៉ាសប៉ាឡេស្ទីន ២នាក់ទៀត ក្នុងការវាយប្រហារតាមអាកាសនៅតំបន់ហ្កាហ្សាស្ទី្រប កាលពីចុងសប្តាហ៍កន្លងទៅ។ យោធាអ៊ីស្រាអែលបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារតាមអាកាសមួយនៅតំបន់ថូហ្វាហ (Tuffah) នៃទីក្រុងហ្កាហ្សា បានសម្លាប់លោក អាបដូឡាហ មូហាមិដ ខាមីស ចាបារ (Abdullah Mohammed Khamis Jaber) ដែលជាសមាជិករបស់ក្រុមហាម៉ាស និងបានជួយក្រុមនេះក្នុងការផលិតអាវុធផងដែរ។
នៅក្នុងការវាយប្រហារតាមអាកាសមួយផ្សេងទៀតនៅតំបន់ថូហ្វាហ (Tuffah) ដដែល លោកម៉ាជិត អាហមិដ ម៉ាស្តាហ្វា សាបាក (Majed Ahmed Mustafa Sabbagh) ត្រូវបានសម្លាប់ ដោយខាងយោធាអ៊ីស្រាអែលបានកំណត់អត្តសញ្ញាណលោកថា ជាមេបញ្ជាការក្រុមប្រដាប់អាវុធមួយនៅក្នុងផ្នែកយោធាក្រុមហាម៉ាស។ ចំណែកសមាជិកម្នាក់នៃកងវរសេនាតូចវិស្វកម្មរបស់ផ្នែកយោធាក្រុមហាម៉ាស ឈ្មោះ អាមឺរ បាស្ហៀរ មូហាមិដ ខួរ៉ានី (Amer Bashir Mohammed Khourani) ត្រូវបានសម្លាប់ក្នុងការវាយប្រហារមួយនៅតំបន់ចាបាលា (Jabalia) ។
យោធាអ៊ីស្រាអែលបានអះអាងថា បុរសទាំង ៣នាក់នេះបានចូលរួមគាំទ្រក្នុងការវាយប្រហារលើទាហានអ៊ីស្រាអែលនាពេលថ្មីៗនេះ និងបានធ្វើសកម្មភាពដើម្បីស្តារសមត្ថភាពយោធារបស់ក្រុមហាម៉ាសឡើងវិញ។ ខាងយោធាក៏បានបន្ថែមថា ខ្លួនបានចាត់វិធានការដើម្បីកាត់បន្ថយការស្លាប់ និងរបួសរបស់ជនស៊ីវិល មុនពេលបើកការវាយប្រហារតាមអាកាស ក្នុងនោះមានទាំងការប្រើគ្រាប់មីស៊ីល និងការឃ្លាំមើលពីលើអាកាស៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦










