Saturday, October 24, 2026

ស្លាប់មនុស្ស ២នាក់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល

0

ហ្កាហ្សា៖ បុរសជនជាតិប៉ាឡេស្ទីនម្នាក់ និងប្រពន្ធរបស់គាត់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលបានកំណត់គោលដៅលើអាគារអាផាតមិនមួយកន្លែងនៅទីក្រុងហ្កាហ្សា កាលពីថ្ងៃអង្ការ ទី២០​ ខែតុលា នេះបើយោងតាមប្រភពមន្ទីពេទ្យប៉ាឡេស្ទីន និងអ្នកស្រុក។ សាក្សីដែលបានឃើញហេតុការណ៍នៅក្នុងតំបន់បាននិយាយថា​ យន្តហោះចម្បាំងអ៊ីស្រាអែលមួយគ្រឿងបានបាញ់មីស៊ីលទៅលើអាគារអាផាតមិនមួយនៅភាគខាងលិចមន្ទីពេទ្យអាល ស្ហីហ្វា (Al-Shifa) បណ្តាលឱ្យមានការឆេះអាគារ និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ខាងមន្ទីពេទ្យបានប្រាប់អ្នកយកព័ត៌មានថា ប្តីប្រពន្ធមួយគូនេះបានស្លាប់ក្នុងការវាយប្រហារតាមអាកាសនោះ ហើយសាកសពរបស់ពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ។  អ្នកស្រុកបានកំណត់អត្តសញ្ញាណរបស់ពួកគេបានថា ជាលោក អាក្រាម យ៉ាសស៊ីន (Akram Yassin) និងប្រពន្ធរបស់គាត់លោកស្រី ឌីណា អាប៊ុ បាក (Dina Abu Bakr)។ យោធាអ៊ីស្រាអែលមិនទាន់បានធ្វើអត្ថាធិប្បាយចំពោះការវាយប្រហារតាមអាកាសនេះនៅឡើយទេ។ យោងតាមអាជ្ញាធរសុខាភិបាលប្រចាំនៅតំបន់ហ្កាហ្សាបានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីន ១.៥២២នាក់ ត្រូវបានសម្លាប់ និង៥.៤២១នាក់ ផ្សេងទៀតរងរបួសក្នុងតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមាននៅ ខែតុលា ឆ្នាំ២០២៥មក។

ចំនួនអ្នកស្លាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ បានកើនដល់ ៧៤.៤៨០នាក់ និងអ្នករងរបួស ១៧៥.៥៣៩នាក់។ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានបន្តឥតឈប់ឈរនៅតំបន់ហ្កាហ្សា ទោះបីជាមានបទឈប់បាញ់ ដែលបណ្តាលជនជាតិប៉ាឡេស្ទីនស្លាប់ និងរបួសបន្ថែមទៀត។ ទន្ទឹមនឹងនេះ មន្ត្រីសហភាពអឺរ៉ុប (EU) ម្នាក់បានចាត់ទុកការវាយប្រហាររបស់អ្នកតាំងទីលំនៅអ៊ីស្រាអែលប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅតំបន់វេសប៊ែង (West Bank) ថាជា «ទង្វើដែលមិនអាចទទួលយកបាន» កាលពីថ្ងៃអង្គារ ដោយបានព្រមានថា ការវាយប្រហារទាំងនេះអាចបង្កផលវិបាកធ្ងន់ធ្ងរដល់ស្ថានការណ៍ទាំងមូលនៅក្នុងតំបន់នេះ។

លោក ស្ហាឌិ អូតម៉េន (Shadi Othman) ដែលជាមន្ត្រីប្រព័ន្ធផ្សព្វផ្សាយនៅការិយាល័យសហភាពអ៊ឺរ៉ុប ប្រចាំទីក្រុងយេរូសាឡឹម បានប្រាប់វិទ្យុសំឡេងប៉ាឡេស្ទីនថា ការ​វាយ​ប្រហាររបស់អ្នក​តាំង​លំនៅ​អ៊ីស្រាអែលបាន​កើតមាន​ស្ទើរតែ​រាល់​ថ្ងៃ​នៅ​ទូទាំង​តំបន់វ៉េសបេង។លោក អូតម៉េន បានអំពាវនាវឲ្យអ៊ីស្រាអែលបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ និងចាត់វិធានការជាក់ស្តែងដើម្បីបញ្ឈប់ការវាយប្រហារទាំងនេះ។ លោកបានបន្ថែមថា សហភាពអឺរ៉ុបបានចាត់វិធានការមួយចំនួនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយការពិភាក្សាអំពីវិធានការបន្ថែមទៀតកំពុងបន្ត។

យ៉ាងហោចណាស់មនុស្ស ៥នាក់រងរបួសកាលពីថ្ងៃចន្ទ ទី១៩ ខែតុលា ក្នុងការវាយប្រហារចំនួន​​ ២០លើកដែលធ្វើឡើងដោយអ្នកតាំងទីលំនៅអ៊ីស្រាអែល និងទាហានអ៊ីស្រាអែល ប្រឆាំងនឹងកសិករប៉ាឡេស្ទីននៅក្នុងតំបន់វ៉េសបេង នេះបើយោងតាមគណៈកម្មាធិការការពារព្រំដែន និងជនភៀសខ្លួនរបស់អង្គការរំដោះប៉ាឡេស្ទីន (Wall and Settlement Resistance Commission of the Palestine Liberation Organization)៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here