ប្រទេសសូម៉ាលី៖ ជនស៊ីវិល ៤៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារមួយនៅភាគឦសានប្រទេសសូម៉ាលី កាលពីថ្ងៃអាទិត្យ ទី១៨ ខែតុលា នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់សហគមន៍។ ការិយាល័យប្រតិបត្តិរបស់សហគមន៍អ៊ីដាសាហាក (Idaksahak) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះលើបណ្ដាញសង្គមហ្វេសបុក កាលពីថ្ងៃចន្ទ ទី១៩ ខែតុលា ថា ក្រុមប្រដាប់អាវុធដែលជាសមាជិកក្រុមរដ្ឋអ៊ីស្លាម (Islamic State) បានជិះលើម៉ូតូមកដល់ និងបានវាយប្រហារលើជនស៊ីវិលនៅតំបន់តាកាយ៉ាត (Tagadayat) ក្នុងតំបន់មេណាកា (Menaka) ។ ហើយក្នុងហេតុការណ៍នេះក៏មានមនុស្សជាច្រើននាក់ទៀតរងរបួសផងដែរ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា អំពើហិង្សានេះបានបង្ខំឱ្យគ្រួសារជាច្រើន រួមទាំងស្ត្រី ក្មេងៗ និងមនុស្សចាស់ បោះបង់ចោលផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេ ហើយភៀសខ្លួនទៅស្វែងរកទីជម្រកនៅតំបន់មេណាកា (Menaka)។ សហគមន៍អ៊ីដាសាហាក (Idaksahak) គឺជាសហគមន៍មួយដែលពលរដ្ឋរស់នៅភាគច្រើននៅតំបន់មេណាកា (Menaka) តំបន់ហ្កាវ (Gao) និងតំបន់គីដាល (Kidal) នៅភាគឦសានប្រទេសសូម៉ាលី។ គួរំលឹកផងដែរថា ចាប់តាំងពីឆ្នាំ២០១២ មក ប្រទេសសូម៉ាលីបានប្រឈមមុខនឹងវិបត្តិសន្តិសុខអូសបន្លាយពេលយូរ ដែលមានលក្ខណៈជាការបះបោរ ការវាយប្រហារភេរវកម្ម និងអំពើហិង្សារវាងសហគមន៍ផ្សេងៗ។ អំពើហិង្សាទាំងនេះបានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរាប់សែននាក់ផ្សេងទៀតត្រូវបង្ខំចិត្តភៀសខ្លួនចេញពីលំនៅឋាន៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦










