ប្រទេសយ៉េមែន៖ ទាហាន ២នាក់ត្រូវបានសម្លាប់ និងទាហានជាច្រើននាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ក្នុងការវាយប្រហាររបស់ក្រុមអាល់ កៃដា (al-Qaeda) នៅខេត្តស្ហាបវ៉ា (Shabwa) ភាគអាគ្នេយ៍ប្រទេសយ៉េមែន។ រដ្ឋបាលមូលដ្ឋានបានឲ្យដឹងនៅក្នុងសារបង្ហោះលើបណ្ដាញសង្គមថា ការវាយប្រហារនេះបានកំណត់គោលដៅលើកងកម្លាំងមូលដ្ឋាននៅក្នុងតំបន់ខាវរ៉ាហ (Khawrah) ដែលជាតំបន់ភ្នំស្ថិតនៅភាគខាងលិចខេត្តស្ហាបវ៉ា(Shabwa)។
រដ្ឋបាលមូលដ្ឋានបានថ្កោលទោសចំពោះការវាយប្រហារនេះ ដោយលើកឡើងថា ការវាយប្រហារម្ដងហើយម្ដងទៀតរបស់ក្រុមសកម្មប្រយុទ្ធ គឺជាការគំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាសន្តិសុខ និងស្ថិរភាពនៅទូទាំងខេត្ត។ ទន្ទឹមនឹងនេះប្រភពមួយពីរដ្ឋបាលមូលដ្ឋានដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកព័ត៌មានថា ក្រុមសកម្មប្រយុទ្ធនៃអង្គការអាល់ កៃដា នៅឧបទ្វីបអារ៉ាប់ (AQAP) ដែលមានមូលដ្ឋាននៅប្រទេសយ៉េមែន បាន“បង្កើនសកម្មភាពនៅតាមតំបន់ភ្នំស្ហាបវ៉ា (Shabwa)” ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយប្រើប្រាស់តំបន់ដែលមានសណ្ឋានដីលំបាក ដើម្បីប្រមូលផ្តុំកម្លាំងឡើងវិញ និងបើកការវាយប្រហារប្រឆាំងនឹងកងកម្លាំងក្នុងស្រុក។
ភ្លាមៗនោះ មិនទាន់មានសេចក្តីថ្លែងការណ៍ណាមួយពី AQAP ពាក់ព័ន្ធនឹងការវាយប្រហារដែលត្រូវបានរាយការណ៍នេះនៅឡើយទេ។ក្រុមអាល់ កៃដា នៅឧបទ្វីបអារ៉ាប់បានឆ្លៀតឪកាសពីជម្លោះដែលអូសបន្លាយអស់ជាច្រើនឆ្នាំ និងការចុះខ្សោយនៃអំណាចរដ្ឋ ដើម្បីរក្សាវត្តមានរបស់ខ្លួននៅតាមតំបន់ដាច់ស្រយាលនៃភាគខាងត្បូង និងភាគខាងកើតប្រទេសយ៉េមែន។ គួររំលឹកផងដែរថា ជម្លោះនៅប្រទេសយ៉េមែនបានផ្ទុះឡើងនៅចុងឆ្នាំ២០១៤ នៅពេលដែលក្រុមហ៊ូធី (Houthis) ដណ្តើមបានរដ្ឋធានីសាណា (Sanaa) និងតំបន់ជាច្រើននៅភាគខាងជើងប្រទេសយ៉េមែន។ ហេតុការណ៍នេះបាននាំឲ្យសម្ព័ន្ធយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីតចូលអន្តរាគមន៍នៅខែមីនាឆ្នាំ២០១៥ ដើម្បីគាំទ្ររដ្ឋាភិបាលដែលទទួលស្គាល់ជាអន្តរជាតិ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦










