ប្រទេសនីហ្សេ៖ អាជ្ញាធរមូលដ្ឋានបានឲ្យដឹងកាលពីថ្ងៃពុធ ទី២១ ខែតុលា ថា មនុស្ស ១២នាក់ ក្នុងនោះមានទាហានម្នាក់ត្រូវបានសម្លាប់ និងប្រហែល ១០នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារប្រដាប់អាវុធមួយលើរថយន្តក្រុងដឹកអ្នកដំណើរ ២គ្រឿងនៅតាមបណ្តាយផ្លូវ អារលីត អាហ្កាដេហ្ស (Arlit-Agadez) នៅភាគខាងជើងប្រទេសនីហ្សេ កាលពីថ្ងៃអង្គារ ទី២០ ខែតុលា។ លោក អ៊ីប្រា បោឡាម៉ា (Ibra Boulama Issa) អភិបាលនៃតំបន់អាហ្កានដេហ្ស (Agadez) បាន មានប្រសាសន៍ថា “យើងមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតក្នុងសោនាដកម្មនេះ មានទាំងការបាត់បង់ជីវិតស្ត្រី និងកុមារជាច្រើននាក់ដែលគ្មានកំហុស”។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឱ្យដឹងថា ក្រុមប្រដាប់អាវុធដែលធ្វើដំណើរតាមរថយន្តចំនួន ៣គ្រឿង បានស្ទាក់រថយន្តក្រុងទាំង ២គ្រឿង ដែលស្ថិតនៅចម្ងាយប្រមាណជា ៣៥គីឡូម៉ែត្រពីទីក្រុងអាហ្កាដេហ្ស (Agadez) ហើយបានបើកការបាញ់ប្រហារទៅលើអ្នកដំណើរ។ អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ការវាយប្រហារនេះអាចមានជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនមាសនៅលើរថយន្តក្រុងមួយគ្រឿងក្នុងចំណោមរថយន្ដទាំងពីរ។ ការស៊ើបអង្កេតមួយត្រូវបានបើកដំណើរការ ដើម្បីតាមចាប់ខ្លួនអ្នកវាយប្រហារ និងកំណត់ពីមូលហេតុនៃហេតុការណ៍នេះ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦










