Saturday, November 7, 2026

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតំបន់ហ្គាស្សាបានសម្លាប់មនុស្ស ៨នាក់

0

 

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្ទ្រីបបានសម្លាប់មនុស្ស៨នាក់ ក្នុងនោះមានក្មេងម្នាក់ កាលពីថ្ងៃអាទិត្យ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះបើតាមប្រភពភ្នាក់ងារសង្គ្រោះបន្ទាន់ និងមន្ទីពេទ្យក្នុងតំបន់។ មនុស្ស ៥នាក់បានស្លាប់នៅទីក្រុងខានយូនីស (Khan Younis) និង ៣នាក់ផ្សេងទៀតស្លាប់នៅក្នុងទីក្រុងហ្កាហ្សា នេះជាសេចក្តីថ្លែងការណ៍មួយរបស់សេវាការពារជនស៊ីវិល។

មន្ទីពេទ្យក្នុងតំបន់បានបញ្ជាក់ថា ពួកគេបានទទួលសាកសពអ្នកស្លាប់ទាំងនោះ ព្រមទាំងអ្នករងរបួសជាច្រើននាក់ផងដែរ។ ក្រសួង​មហាផ្ទៃ​នៅតំបន់ហ្កាហ្សា​បាន​និយាយ​ថា​ “យន្តហោះរបស់កងកម្លាំងអ៊ីស្រាអែលបានកំណត់គោលដៅវាយប្រហារលើមន្ត្រី​ប៉ូលិស​ដែល​កំពុង​បំពេញ​ភារកិច្ច​ជា​ច្រើន​នាក់នៅ​ទីក្រុង​ខាន់យូនីស (Khan Younis)។” កងទ័ពអ៊ីស្រាអែលបានប្រាប់ភ្នាក់ងារព័ត៌មាន AFP ថា ខ្លួនបានកំណត់គោលដៅវាយប្រហារលើ “ភេរវករ ” ម្នាក់ នៅភាគខាងត្បូងតំបន់ហ្កាហ្សា និងមួយចំនួនទៀតនៅតំបន់ភាគខាង ជើង ។

កងទ័ពអ៊ីស្រាអែលបានបន្ថែមថា ខ្លួនកំពុងពិនិត្យវាយតម្លៃលើលទ្ធផលនៃការវាយប្រហារទាំងនោះ។ ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ បានធ្វើឱ្យតំបន់ជាច្រើនរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបានសម្លាប់មនុស្សជាង ៧៤ ៥០០នាក់ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ហ្កាហ្សា។ កិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមានកាលពីខែតុលា ឆ្នាំ២០២៥  ប៉ុន្តែចាប់តាំងពីពេលនោះមក មនុស្សជាង ១៥០០នាក់ ត្រូវបានសម្លាប់នៅតំបន់ហ្កាហ្សា៕

ប្រភព al-Arabiya ចុះផ្សាយឡើងវិញថ្ងៃ០២ ខែតុលា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here