អ៊ីស្រាអែល៖ យោធាអ៊ីស្រាអែល និងទីភ្នាក់ងារសន្តិសុខស្ហីនបិត (Shin Bet) បានឲ្យដឹងកាលពីថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា ពួកគេបានសម្លាប់មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបការណ៍សម្ងាត់របស់ក្រុមហាម៉ាស (Hamas) ម្នាក់ ក្នុងការវាយប្រហារតាមអាកាសនៅទីក្រុងហ្កាហ្សាកាលពីថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងសេចក្តីថ្លែងការណ៍រួមគ្នា ភាគីទាំងពីរបានកំណត់អត្តសញ្ញាណបុរសរូបនោះថា ជាលោក ចាមល អាប៊ុ សាអ៊ីដ (Jamal Abu Saeed) ជាប្រធានផ្នែកប្រតិបត្តិការនៃអង្គភាពស៊ើបការណ៍សម្ងាត់យោធារបស់ក្រុមហាម៉ាស (Hamas) ដោយបានអះអាងថា លោកបានចាប់ចំណាប់ខ្មាំងអ៊ីស្រាអែលឈ្មោះ អូម័រ ស្ហេម ថូវ (Omer Shem Tov) ក្នុងអំឡុងពេលសង្គ្រាម។
ក្នុងសេចក្តីថ្លែងការណ៍នេះបានចោទប្រកាន់លោក អាប៊ុ សាអ៊ីដ ថា បានរៀបចំផែនការវាយប្រហារលើកងទ័ពអ៊ីស្រាអែល និងជនស៊ីវិល ព្រមទាំងប៉ុនប៉ងកសាងសមត្ថភាពយោធារបស់ក្រុមហាម៉ាស (Hamas) ឡើងវិញ ដែលជាការរំលោភបំពានលើបទឈប់បាញ់។ ភ្លាមៗមិនទាន់មានការបញ្ជាក់ពីក្រុមហាម៉ាស់នៅឡើយទេ។
ចាប់តាំងពីមានបទឈប់បាញ់រវាងក្រុមហាម៉ាស (Hamas) និងអ៊ីស្រាអែលបានចូលជាធរមាននៅខែតុលា ឆ្នាំ២០២៥ ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ១.៦០២ នាក់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ កើនដល់ ៧៤.៦១៨ នាក់ នេះបើយោងតាមប្រភពអាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦










