Saturday, November 7, 2026

ស្លាប់ភេរវករ ២នាក់រួមទាំងអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនៅប៉ាគីស្ថាន  

0

ប៉ូលិសបានឲ្យដឹងកាលពីថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ថា ភេរវករ ២នាក់ ក្នុងនោះមានអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ត្រូវបានសម្លាប់ និងម្នាក់ផ្សេងទៀតរងរបួសក្នុងប្រតិបត្តិការរបស់ប៉ូលិសមួយនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។ ប្រតិបត្តិការនេះត្រូវបានចាប់ផ្ដើមឡើង បន្ទាប់ពីប៉ូលិសទទួលបានសេចក្ដីរាយការណ៍អំពីរថយន្តមួយគ្រឿងដែលមានកញ្ចក់បិទបាំងពណ៌ងងឹត គួរឲ្យសង្ស័យនៅស្រុកឡាគី ម៉ាវ៉ាត (Lakki Marwat)។ ប៉ូលិសបាននិយាយថា ជនសង្ស័យបានបើកការបាញ់ប្រហារមកលើមន្រ្តីប៉ូលិស នៅពេលពួកគេទៅដល់កន្លែងកើតហេតុ ដែលបង្ខំឱ្យប៉ូលិសបាញ់តបតវិញ បណ្ដាលឲ្យមនុស្ស ២នាក់ដែលស្ថិតក្នុងរថយន្តនោះស្លាប់។

ចំណែកជនសង្ស័យម្នាក់ទៀតដែលរងរបួសបានរត់គេចខ្លួន។ អាវុធ គ្រាប់រំសេវ ទង់របស់ក្រុមតេហ្រេកអ៊ី-តាលីបង់ប៉ាគីស្ថាន (TTP) និងសម្ភារៈសង្ស័យផ្សេងទៀតត្រូវបានរកឃើញនៅក្នុងរថយន្តនោះ។  ការវាយតម្លៃដំបូងបានបង្ហាញថា ជនសង្ស័យទាំងនោះមានគម្រោងរៀបចំការវាយប្រហារភេរវកម្មទ្រង់ទ្រាយធំមួយ ប៉ុន្តែផែនការនេះត្រូវបានរារាំងដោយចំណាត់ការរបស់ប៉ូលិសទាន់ពេលវេលា។ គួរបញ្ជាក់ផងដែរថា ប៉ូលិស និងនាយកដ្ឋានប្រឆាំងភេរវកម្មបានបើកប្រតិបត្តិការស្វែងរកដើម្បីតាមចាប់ជនសង្ស័យដែលកំពុងរត់គេចខ្លួន និងកំណត់អត្តសញ្ញាណអ្នកស្លាប់៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here