Saturday, November 7, 2026

ក្រុមហេបូឡាបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងក្រុមដែលជាប់ការចោទប្រកាន់ក្នុងប្រទេសស៊ីរីទេ 

0

ប្រទេសលីបង់៖ កាលពីថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ក្រុមហេបូឡាបានចេញមុខបដិសេធចំពោះ​ការ​ចោទ​ប្រកាន់​របស់កងកម្លាំងសន្តិសុខផ្ទៃក្នុងស៊ីរីដែលថា ក្រុមខ្លួនមានទំនាក់ទំនងជាមួយនឹងក្រុមជនសង្ស័យ ដែលត្រូវបានចោទប្រកាន់ថា បានរៀបចំផែនការវាយប្រហារលើរោងចក្រប្រេងមួយនៅភាគកណ្តាលប្រទេសស៊ីរី។នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេបូឡាបានឲ្យដឹងថា ក្រុមខ្លួនមិនមានវត្តមាន ឬទំនាក់ទំនងណាមួយនៅក្នុងប្រទេសស៊ីរី ហើយក៏មិនបានចូលរួមក្នុងសកម្មភាពណាមួយដែលអាចបំផ្លាញសន្តិសុខ និងស្ថិរភាពរបស់ប្រទេសស៊ីរីនោះដែរ។

ក្រុមហេបូឡាបានបញ្ជាក់ថា អាទិភាពចម្បងរបស់ខ្លួននៅតែផ្ដោតលើការប្រឈមមុខជាមួយនឹងកងកម្លាំងអ៊ីស្រាអែល ដោយចោទប្រកាន់ថា អ៊ីស្រាអែលនៅតែបន្តវាយប្រហារលើ ប្រទេសលីបង់ និងប្រទេសស៊ីរី ព្រមទាំងបន្តកាន់កាប់ទឹកដីនៅក្នុងប្រទេសទាំងពីរ។ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីរីបានរាយការណ៍ថា អាជ្ញាធរស៊ីរីបានចាប់ខ្លួនសមាជិករបស់ក្រុមដែលត្រូវបានចោទប្រកាន់ខាងលើ និងបានរឹបអូសគ្រឿងផ្ទុះកែច្នៃដែលមានបំណងក្នុងការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងហូម (Homs)៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here