ក្រុមហ៊ុនដឹកជញ្ជូន Maersk បានបញ្ជាក់ថា ប្រព័ន្ធរបស់ក្រុមហ៊ុនដែលខ្លួនធ្លាប់ទិញយក ត្រូវបានហេគឃ័រជ្រៀតចូល និងលួចទិន្នន័យ។ក្រុមហ៊ុន A.P. Moller–Maersk ជាក្រុមហ៊ុនដឹកជញ្ជូន និងភស្តុភារកម្មដ៏ធំមួយរបស់ប្រទេសដាណឺម៉ាក ដែលប្រតិបត្តិការនៅក្នុងប្រទេសចំនួន ១៣០ និងមាននាវាដឹកកុងតឺន័រចំនួន ៧០០ គ្រឿង។ ក្រុមហ៊ុនមានចំណែកប្រមាណ ១៣.៥% នៃសមត្ថភាពដឹកជញ្ជូនកុងតឺន័រទូទាំងពិភពលោក និងមានបុគ្គលិកប្រមាណ ១០០,០០០ នាក់។
ក្រុមមេរោគជំរិតទារប្រាក់ WhiteArmor បានអះអាងថា ខ្លួនលួចទិន្នន័យប្រមាណ ១០០GB ពីប្រព័ន្ធ OCF/LF Logistics និងទាមទារប្រាក់លោះ ៥ លានដុល្លារជា Bitcoin ក្នុងរយៈពេល ៣០ ថ្ងៃ។ ទិន្នន័យដែលអះអាងថាបានលួចរួមមាន ព័ត៌មានអ្នកបើកបរ ពាក្យសម្ងាត់ គណនីអ្នកគ្រប់គ្រង និងព័ត៌មានឧបករណ៍ចល័ត។ ទោះយ៉ាងណា Maersk បញ្ជាក់ថា ហេតុការណ៍នេះប៉ះពាល់តែប្រព័ន្ធមូលដ្ឋានមួយប៉ុណ្ណោះ និងមិនទាន់មានភស្តុតាងបង្ហាញថាទិន្នន័យរសើបត្រូវបានបង្ហាញជាសាធារណៈ ឬប៉ះពាល់ដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនឡើយ។

Maersk កំពុងបន្តស៊ើបអង្កេត និងនឹងជូនដំណឹងដល់អតិថិជននៅពេលមានព័ត៌មានបន្ថែម។ ក្រុមហ៊ុនក៏បានណែនាំឱ្យអតិថិជនប្រុងប្រយ័ត្នចំពោះសារមិនប្រក្រតីដែលពាក់ព័ន្ធនឹងហេតុការណ៍នេះ។
ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦










