នាថ្ងៃព្រហស្បត៍ ៩រោច ខែ អាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២២ ប្រតិភូលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ដឹកនាំដោយ ឯកឧត្តម ប៉ឹល ច័ន្ទវីរៈ សមាជិក លេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (ឋានៈស្មើ អនុរដ្ឋលេខាធិការ)បានបន្តដំណើរមកដល់ខេត្ត សៀមរាប ដើម្បីបើកសិក្ខាសាលាផ្សព្វផ្សាយ «សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម»។
អង្គសិក្ខាសាលាបានចាប់ផ្តើម វេលាម៉ោង 8:30នាទីព្រឹក នៅសាលាខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម អ៉ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដែលមានសិក្ខាកាមចូលរួម ប្រធាន អនុប្រធានមន្ទីរ ចំណុះឲ្យខេត្ត អភិបាល អភិបាលរង ស្រុកទាំងអស់ ស្នងការ ស្នងការរង មេបញ្ជាការ មេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទរបស់ខេត្ត និង ថ្នាក់ដឹកនាំអង្គភាពផ្សេងៗទៀតរបស់ខេត្តសៀមរាបទាំងមូល មានចំនួនសរុប ៨៤នាក់ (ស្រី ០៥ នាក់)។
ក្នុងអង្គសិក្ខាសាលានេះ ឯកឧត្តម ប៉ឹល ច័ន្ទវីរៈ បានធ្វើបទបង្ហាញអំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ដើម្បីបញ្ជ្រាបការយល់ដឹងដល់សិក្ខាកាម
ទាំងអស់អំពីការទទួលខុសត្រូវ ការរៀបចំសម្របសម្រួល និងនីតិវិធីនានាក្នុងការត្រៀមខ្លួនជាមុន ការបង្ការ ការឆ្លើយតប នឹង ការស្ដារឡើងវិញ នៅពេលមានហេតុការកើតឡើងជាយថាហេតុ ព្រមទាំងការដោះស្រាយផលវិបាកនានាអំពីអំពើភេរវកម្ម និងសកម្មភាពពាក់ព័ន្ធនានា (ប្រសិនបើមាន)។
ក្នុងឱកាសដ៏មានតម្លៃនេះ ឯកឧត្តម ប៉ឹល ច័ន្ទវីរៈ ក៏បានពាំនាំយកនូវមតិផ្តាំផ្ញើររបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ចំពោះសិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់ប្រឆាំងដាច់ខាត ចំពោះអំពើនានាដែលទាក់ទងនឹងសកម្មភាពសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយ អាវុធមហាប្រល័យ ព្រោះថា ពួកភេរវករអាចធ្វើសកម្មភាពបានលុះត្រាតែមានប្រភពហិរញ្ញវត្ថុ។
ឯកឧត្តម ប៉ឹល ច័ន្ទវីរៈ ក៏បានបញ្ជាក់អំពីតួនាទីនៃមេបញ្ជាការនៅកន្លែងកើតហេតុ គឺស្នងការនគរបាល រាជធានី /ខេត្ត គឺជាមេបញ្ជាការនៅកន្លែងកើត ឧប្បទ្ទវហេតុភេរវកម្ម (បើមាន) ។
អង្គសិក្ខាសាលាផ្សព្វផ្សាយសៀវភៅផែនការជាតិប្រឆាំងភេរវកម្មនេះ បានបញ្ចប់នៅវេលាម៉ោង 11:30នាទី នាថ្ងៃដដែល ដោយសិក្ខាកាមម្នាក់ៗ ទទួលបានចំណេះដឹងថ្មីៗអំពីការប្រឆាំងអំពើភេរវកម្ម ពិសេសការប្រឆាំងនឹងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។